កម្ពុជា ជំរុញការប្រើប្រាស់ព័ត៌មាន ដោយការទទួលខុសត្រូវ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មាន មិនពិតពាក់ព័ន្ធបរិស្ថាន

ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានលើកឡើងថា កម្ពុជា ជំរុញអ្នកពាក់ព័ន្ធ នៅទូទាំងពិភពលោកបង្កើន កិច្ចខិតខំប្រឹងប្រែងក្នុងការការពារ សាធារណជន ដើម្បីទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ដែលអាចទុកចិត្តបាន ដើម្បីចៀសវាង ពីវិបត្តិប្រព័ន្ធអេកូឡូស៊ី ដោយសារតែការផ្សព្វផ្សាយ ព័ត៌មានមិនពិត ។

ក្នុងសន្និសីទ International Day for Universal Access to Information (IDUAI) 2025 នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ រៀបចំដោយអង្គការ UNESCO នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន លោក ទេព អស្នារិទ្ធបានថ្លែងថា សង្គមសព្វថ្ងៃប្រឈមនឹង បញ្ហាស្របគ្នាគឺវិបត្តិផ្នែកបរិស្ថាន រាប់បញ្ចូលការប្រែប្រួលអាកាសធាតុ ការបាត់បង់គម្របព្រៃឈើ និងជីវចម្រុះ ការបំពុល និងគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាពិសេសការចែកចាយព័ត៌មានក្លែងក្លាយ នៅលើបណ្តាញសង្គម។

លោកថា «ព័ត៌មានមិនពិតបានលេចចេញ និងមានវត្តមានកាន់តែខ្លាំងឡើង ដែលអាចបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរ ប៉ះពាល់ដល់សុវត្ថិភាព និងគុណភាពនៃការទទួលព័ត៌មានរបស់ពលរដ្ឋពាក់ព័ន្ធនឹងវិស័យបរិស្ថាន ក៏ដូចជាវិស័យផ្សេងទៀតក្នុងសង្គម»។
អនុរដ្ឋលេខាធិការសង្កត់ធ្ងន់ អំពីជំហររបស់ក្រសួងព័ត៌មាន ក្នុងការជំរុញភាពជាដៃគូ ក្នុងចំណោមរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន សមាគមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងភាពធន់ បង្កើនសមត្ថភាពប្រឆាំងព័ត៌មានក្លែងក្លាយ និងធានាថាទិន្នន័យបរិស្ថាន សម្រាប់ផ្សព្វផ្សាយ ជូនសាធារណជនមានភាពត្រឹមត្រូវ សុក្រឹត និងទុកចិត្តបាន។
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវ ដល់អ្នកពាក់ព័ន្ធទាំងអស់ រាប់បញ្ចូលទាំងអ្នកទទួលព័ត៌មានផង ឲ្យប្រើប្រាស់ព័ត៌មាន ដោយភាពស្មោះត្រង់ សុច្ចរិតភាព គោរពភាពជាម្ចាស់ប្រទេស ប្រកបដោយការ ទទួលខុសត្រូវ ដែលកត្តាទាំងនេះ មានសារៈសំខាន់ សម្រាប់គ្រប់ប្រទេសទាំងអស់ នៅលើពិភពលោកដើម្បីធានាថា ព័ត៌មានបម្រើដល់ប្រយោជន៍សាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព ៕






