ឯកអគ្គរដ្ឋទូត ទីម័រខាងកើត ៖ មិត្តភាពកម្ពុជា-ទីម័រខាងកើត មិត្តស្មោះត្រង់ បានជួយគ្នា នៅក្នុងគ្រាលំបាក

ភ្នំពេញ ៖ ក្នុងឱកាសចូលជួបសម្តែង ការគួរសមនិងពិភាក្សាការងារជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ឯកអគ្គរដ្ឋទូតថ្មីទីម័រខាងកើត បានថ្លែងអំណរគុណជូន សម្តេចតេជោ ហ៊ុន សែន និងកម្ពុជា បានជួយគំាទ្រដល់ប្រទេសទីម័រខាងកើត បានចូលជាសមាជិកទី១១ របស់អាស៊ានពេញសិទ្ធិ នៅខែតុលាខាងមុខនេះ ។ លោក បានគូសបញ្ជាក់ថា កម្ពុជា-ទីម័រខាងកើតជាមិត្តដ៏ល្អ ដែលបានជួយគ្នានៅគ្រាលំបាក។

លោក ម៉ាកូស ដូស រ៉េហ្ស ដា ខូលតា (Marcos dos Reis da Costa) ឯកអគ្គរដ្ឋទូតថ្មីទីម័រខាងកើត បានចូលជួបសម្តែងការគួរសមជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
ក្នុងឱកាសនោះ លោក បានគូសបញ្ជាក់ថា ចំណងមិត្តភាពប្រទេសទំាងពីរបានរីកចម្រើនជាលំដាប់។ ថ្នាក់ដឹកនាំប្រទេសទំាងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ។ ជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅទីម័រខាងកើតកាលពីខែឧសភាកន្លងមកនេះ បានធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់តែរឹងមាំឡើង។

សម្តេច ឃួន សុដារី បានគូសបញ្ជាក់ថា កម្ពុជា និងទីម័រខាងកើត គឺជាមិត្តដ៏ជិតស្និទ្ធ និងជាដៃគូប្រកបដោយទំនុកចិត្ត ។ ប្រទេសទំាងពីរមានបទពិសោធន៍ស្រដៀងគ្នា និងធ្លាប់ជាប្រទេស ដែលរងគ្រោះដោយសារសង្គ្រាម ដូចគ្នា។ នៅឆ្នាំ២០២២ ក្នុងខណៈពេល ដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន ដែលកាលនោះមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ដោយបានអនុម័ត នូវកិច្ចព្រមព្រៀងជាគោលការណ៍ សម្រាប់ការចូលជាសមាជិកភាពពេញលេញ របស់ទីម័រខាងកើតនៅក្នុងអាស៊ាន។
សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសតូច ស្រឡាញ់សន្តិភាព ផ្តោតការយកចិត្តទុកដាក់ លើការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋជាសំខាន់ ។
ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជា សម្តេច រដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាបានអនុវត្តមធ្យោបាយ នៃដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចាទ្វេភាគី ដោយផ្អែកលើយន្តការដែលមានស្រាប់ និងជាពិសេសការគោរពច្បាប់អន្តរជាតិ។ ការអនុវត្តពេញលេញ និង ប្រកបដោយប្រសិទ្ធភាព នៃកិច្ចព្រមព្រៀង ឈប់បាញ់ រវាងប្រជាជាតិទាំងពីរ គឺចាំបាច់ក្នុងការឆ្ពោះ ទៅរកការស្ដារឡើងវិញ នូវសន្តិភាព និងប្រក្រតីភាព ។ កម្ពុជា ជំរុញឱ្យមានការដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ាន ឱ្យបានឆាប់រហ័ស៕
