ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថានកម្ពុជា អំពាវនាវ ឱ្យប្រទេសក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឱ្យកាន់តែប្រសើរ ឡើងថែមទៀត ដើម្បីភាពស្អាត ភាពបៃតង

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវ ដល់ប្រទេសក្នុងតំបន់ រួមគ្នាបង្កើតនូវផែនការអាទិភាព និងសកម្មភាព ក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុរួមគ្នា។

ការអំពាវនាវរបស់ លោក រដ្ឋមន្រ្តី អ៊ាង សុផល្លែត ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ ស្តីពីការផ្លាស់ប្តូរទៅរកភាពបៃតង ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម រៀបចំឡើងដោយរាជបណ្ឌិតសភាកម្ពុជា និងមានការចូលរួមពីវិទ្យាស្ថានគ្រប់គ្រងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។

ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កម្ពុជាបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈគោលនយោបាយនិងយុទ្ធសាស្រ្តច្បាស់លាស់ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

តាមការរយៈការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើង ដោយអនុឡោមតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងបានដាក់ចេញយុទ្ធនាការជាច្រើន ដើម្បីភាពស្អាត រួមមានភាពស្អាតលើផ្ទៃដី ភាពស្អាតលើផ្ទៃមេឃ និងភាពស្អាតក្នុងទឹក ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការទន្ទ្រានដីព្រៃដោយខុសច្បាប់ ។

លោក បានបន្តថា ជាក់ស្តែងនាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ជាពិសេសការចូលរួម ពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការ សមាគមក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងប្រជាពលរដ្ឋ ជាងពាក់កណ្តាលប្រទេស អនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុះមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវស្អាតគ្មាន សំរាមនិងសំណល់ប្លាស្ទិក» ដែលធ្វើឱ្យមូលដ្ឋាន ផ្លូវជាតិ ទីសាធារណ ទីប្រជុំជន មានសោភ័ណភាព មានភាពស្អាតជាបណ្តើរៗ និងកាត់បន្ថយបានការនាំចូលប្លាស្ទិក បាន៨៥% ៕

To Top