លោក ប៉ែន បូណា អញ្ជើញផ្តល់បាឋកថា ស្តីពី ការចូលរួម របស់យុវជន ដើម្បីឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ភ្នំពេញ ៖ និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម រួមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សរុបជាង ៧០០នាក់ បានចូលរួមស្តាប់ បាឋកថាស្ដីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដែលធ្វើបទបង្ហាញដោយ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

បាឋកថានេះ ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានវត្តមានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាស្វាគមន៍ពី លោកសាស្ត្រាចារ្យបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

គោលបំណងនៃបាឋកថានេះ រួមមាន ១. យល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ២. លើកទឹកចិត្តដល់និស្សិត ក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕



