ព័ត៌មានជាតិ

អាកាសចរណ៍ជាតិកម្ពុជា Air Cambodia នឹងបេីកជេីងហោះហើរត្រង់ថ្មី ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ​ នៅខែក្រោយ 

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នឹងបើកជើងហោះហើរត្រង់ថ្មី ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះតទៅ ក្នុងកាលវិភាគរដូវរងារ តាមរយៈទីក្រុងហ៊្វូចូវ។

តាមការបញ្ជាក់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា​ បានឱ្យដឹងថា​ ការបើកជើងហោះហើរត្រង់ថ្មីនេះ ស្របតាមទិសដៅ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការតភ្ជាប់អាកាស និងលើកកម្ពស់វិស័យ ទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ តាមរយៈការបើកបម្រើបណ្តាជើងហោះហើរថ្មីៗ ទៅកាន់ទីផ្សារសំខាន់ៗ នៅក្រៅប្រទេស។ 

ជើងហោះហើរភ្នំពេញ-ទីក្រុងហ្វ៊ូចូវ-ទីក្រុងតូក្យូ (PNH–FOC–NRT) នេះ នឹងផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរជាមួយ ពេលវេលាប្តូរយន្តហោះខ្លី តាមរយៈ ទីក្រុងហ្វ៊ូចូវ ដោយជួយកាត់បន្ថយការរង់ចាំយូរ និងធ្វើឱ្យការធ្វើដំណើររវាងកម្ពុជា និងជប៉ុន រហ័ស សមស្រប និងមានប្រសិទ្ធភាព។

ជាក់ស្ដែង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានរៀបចំសិក្ខាសាលា សម្រាប់ភ្នាក់ងារទេសចរណ៍ ដើម្បីណែនាំនូវជើងហោះហើរថ្មី  ភ្នំពេញ-ទីក្រុងហ្វ៊ូចូវ-ទីក្រុងតូក្យូ និងពង្រឹងកិច្ចសហការជាមួយដៃគូឧស្សាហកម្មទេសចរណ៍ និងអាកាសចរណ៍នៅកម្ពុជា។ 

កម្មវិធីនេះ មានអ្នកចូលរួមប្រមាណ ៦០-៧០នាក់ រួមមាន៖ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនរៀបចំដំណើរកម្សាន្ត និងដៃគូអាជីវកម្មសំខាន់ៗ ដែលបង្ហាញពីការគាំទ្រ និងទំនុកចិត្តលើសេវាកម្មថ្មីៗ របស់ក្រុមហ៊ុន។

ក្នុងសិក្ខាសាលា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានផ្តល់បទបង្ហាញ អំពីជើងហោះហើរ និងសេវាកម្មថ្មីៗ កាលវិភាគហោះហើររដូវរងារ ឆ្នាំ២០២៥ ព្រមទាំងទស្សនវិស័យអនាគត នៃការតភ្ជាប់ កម្ពុជា-ជប៉ុន ដែលផ្តោតលើបទពិសោធន៍ការធ្វើដំណើរ ដែលមិនចំណាយពេលវេលារង់ចាំយូរ។

ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងភ្នាក់ងារទេសចរណ៍ អាចទិញសំបុត្រយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា តាមរយៈភ្នាក់ងារទេសចរណ៍ទាំងអស់នៅកម្ពុជា ឬតាមគេហទំព័រផ្លូវការ។ សម្រាប់អតិថិជននៅបរទេស ក៏អាចធ្វើការកក់សំបុត្រ តាមភ្នាក់ងារលក់របស់ក្រុមហ៊ុន ដែលមាននៅបណ្តាប្រទេសជុំវិញពិភពលោក ឬតាមគេហទំព័រដូចគ្នា។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្នាក់ងារ និងដៃគូទាំងអស់សម្រាប់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ហើយប្តេជ្ញាថា នឹងបន្តពង្រីកបណ្តាញហោះហើរ ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងទំនាក់ទំនងអន្តរជាតិជាបន្តបន្ទាប់។ 

សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលផ្តល់ការហោះហើរត្រង់ពីទីក្រុងភ្នំពេញ ទៅកាន់ប្រទេសជប៉ុន តាមរយៈទីក្រុងហ៊្វូចូវ។  ជើងហោះហើរនេះ ចំណាយពេលប្រហែល ៧ម៉ោងនិង៣០នាទី ជាមួយនឹងការឈប់សម្រាក៥០នាទី នៅទីក្រុងហ្វ៊ូចូវ។ 

ជើងហោះហើរនេះ នឹងប្រើប្រាស់យន្តហោះប្រភេទ អ៊ែរបើស (Airbus) ៣២០/៣២១ ដែលបានកំណត់រចនាសម្ព័ន្ធជាមួយនឹងកៅអី ដឹកអ្នកដំណើរចំនួន ១៧០/១៧៨ (ចែកជា ២ ថ្នាក់កៅអី៖ កៅអីធម្មតា និងកៅអីថ្នាក់ធុរកិច្ច)។ សម្រាប់ការឈប់សម្រាកនៅទីក្រុងហ្វ៊ូចូវ អ្នកដំណើរមិនតម្រូវឱ្យចុះពីយន្តហោះ មិនតែប៉ុណ្ណោះក៏មិនតម្រូវឱ្យមានទិដ្ឋាការនោះទេ។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ បានប្រកាសថា អ្នកដំណើរដែលមានលិខិតឆ្លងដែនខ្មែរ នឹងទទួលបានអត្ថប្រយោជន៍ យ៉ាងពិសេសនោះ គឺទទួលបានវ៉ាលី Check-in បន្ថែម សរុបរួមទាំងអស់២វ៉ាលី (មិនលើសពី២៣គីឡូក្រាមក្នុង១វ៉ាលី) ហើយអ្នកដំណើរទាំង កៅអីធម្មតា និង កៅអីថ្នាក់ធុរកិច្ច នឹងទទួលបានការបម្រើសេវាកម្មអាហារនៅលើយន្តហោះសម្រាប់ជើងហោះហើរថ្មីរវាងកម្ពុជា និងជប៉ុនផងដែរ។

កាលវិភាគបឋម សម្រាប់ជើងហោះហើរដំបូង ចេញពីរាជធានីភ្នំពេញនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយនឹងមានជើងហោះហើរប្រចាំសប្តាហ៍ចំនួនបី គឺនៅថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ៕

To Top