សិស្សជាប់និទ្ទេស A ២៦នាក់ ក្នុងក្រុងកំពង់ចាម ទទួលបានការលើកទឹកចិត្ត ពីលោកអភិបាលខេត្ត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ដើម្បីលើកទឹកចិត្ត សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A ២៦ នាក់ ក្នុងក្រុងកំពង់ចាម ។

បើតាម លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៥ នេះ បេក្ខជន ដែលបានប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់បាន ៨២,៨៣ភាគរយ កើនឡើងជាងឆ្នាំ២០២៤ ។ ក្នុងនោះផងដែរ សិស្សប្រឡងជាប់និទ្ទេស A សរុបចំនួន ១៤១នាក់ កើនលើសពីឆ្នាំ២០២៤ ២៦នាក់ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ក្នុងឱកាសនោះថា ប្រការដែលធ្វើឲ្យក្មួយៗ មានឱកាសសិក្សារៀនសូត្រ និងប្រឡងជាប់ជ័យលាភីនិទ្ទេសA គឺមានកត្តាជាច្រើន ក្នុងនោះដូចជា កត្តាខិតខំរៀនសូត្រដោយខ្លួនឯង កត្តាគ្រួសារផ្គត់ផ្គង់ជំរុញកូនៗឲ្យបានសិក្សា កត្តាចែករំលែកចំណេះដឹងពីគ្រូបង្រៀន និងកត្តាសន្តិភាពជាដើម។

លោកអភិបាលខេត្ត បានយកឱកាសនោះផ្ដាំផ្ញើដល់ក្មួយៗ សូមឱ្យបន្តការយកចិត្តទុកដាក់ សិក្សារៀនសូត្រ បង្កើនចំណេះដឹងបន្តទៀត ដើម្បីអនាគតខ្លួនឯង និងគ្រួសារផង និងចូលរួមបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនថែមទៀត។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សជ័យលាភីប្រឡងជាប់និទ្ទេស A ២៦នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន កុំព្យូទ័រ laptop ១គ្រឿង ថវិកា ១លានរៀល និងសម្ភារៈសិក្សាមួយចំនួន ។ ដោយឡែក សិស្សពិការ គ ថ្លង់ ៦ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល និងសម្ភារៈសិក្សាមួយចំនួន និងសិស្សនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ១នាក់ ទទួលបាន កុំព្យូទ័រ laptop ១គ្រឿង ថវិកា ១លានរៀល និងសម្ភារៈសិក្សាមួយចំនួន និងអាហារូបករណ៍មួយកន្លែងផងដែរ ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល / កំពង់ចាម
រូបភាពដោយ : គីហ្សូណា
