ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធឆ្នាំ ២០២៥ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក លឹម ឡុង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការស្តីទី តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងលោក លោកស្រី ស្នងការរងផែនការងារជំនាញ ក្រុមការងារនិងប្រតិភូពីនាយកដ្ឋានសវនកម្មផ្ទៃក្នុង លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជាច្រេីនរូបទៀត។

លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការស្តីទី បានលើកឡើងនូវចំណាប់អារម្មណ៍និងឯកភាពស្របតាម អនុសាសន៍របស់ក្រុមការងារសវនកម្មផ្ទៃក្នុង និងថ្លែងអំណរគុណលើការសម្របសម្រួល កែលម្អបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់ផែនការងារជំនាញទាំង១៣ និងប្តេជ្ញាខិតខំជំរុញ និងពង្រឹងដល់កងកម្លាំងចាប់ពីស្នងការដ្ឋានរហូតដល់ ប៉ុស្តិ៍នគរបាលរដ្ឋបាលយកចិត្តទុកដាក់ អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងឆន្ទៈ រក្សា ការពារ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ឯក លឹម ឡុង បានកោតសរសើរ ដល់ក្រុមការងារសវនកម្មផ្ទៃក្នុង ដែលបានបំពេញភារកិច្ចយ៉ាងម៉ត់ចត់ ត្រឹមត្រូវនិងស្របតាមបច្ចេកទេស សម្របសម្រួលជាមួយមន្ត្រីនគរបាលខេត្ត ដើម្បីធានាបាននូវលទ្ធផលឆ្លុះបញ្ចាំងភាពត្រឹមត្រូវ និងប្រកបដោយភាពថ្លៃថ្នូរ។

លោកអគ្គនាយករងក៍បានបន្ថែមថា លទ្ធផលសវនកម្មនេះ ជាឯកសារសំខាន់សម្រាប់ជួយអភិវឌ្ឍន៍ប្រព័ន្ធរដ្ឋបាល និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ស្នងការដ្ឋាននគរបាលខេត្តឱ្យកាន់តែប្រសើរឡើង ជាពិសេសការពង្រឹងវិន័យថវិកាការគ្រប់គ្រងឯកសារហិរញ្ញវត្ថុ និងការរក្សាការងារឱ្យមានភាពច្បាស់លាស់ គឺជាគោលដៅចម្បងក្នុងការបំពេញតួនាទីជាមន្រ្តីនគរបាលដែលមានទំនួលខុសត្រូវ លោកអគ្គនាយករងក៏បានជំរុញឱ្យក្រុមការងារសវនកម្ម និងលោក លោកស្រី ស្នងការងផែនការងារជំនាញ ប្រើប្រាស់លទ្ធផលសវនកម្ម ជាឯកសារណែនាំដើម្បីកែលម្អការងារ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរដ្ឋបាល និងបង្កើនទំនុកចិត្តរបស់សាធារណជនចំពោះកម្លាំងនគរបាលជាតិ ៕

ប្រភព&រូបភាព÷ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)

To Top