ព័ត៌មានជាតិ

ក្រុមហ៊ុន RAFULIN HOLDINGS SDN BHD របស់ម៉ាឡេស៊ី ចាប់អារម្មណ៍ខ្លាំង ចំពោះកាលានុវត្តភាពវិនិយោគថ្មីៗ និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ លោក Dato’ Mohamed Raffe Chekku នាយកគ្រប់គ្រងក្រុមហ៊ុន RAFULIN HOLDINGS SDN BHD ប្រទេសម៉ាឡេស៊ី មានចំណាប់អារម្មណ៍ជាខ្លាំង ចំពោះកាលានុវត្តភាពវិនិយោគថ្មីៗ និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូន លោក Dato’ Mohamed Raffe Chekku នាយកគ្រប់គ្រងក្រុមហ៊ុន RAFULIN HOLDINGS SDN BHD ប្រទេសម៉ាឡេស៊ី និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាទីក្រុងម៉ាឡាកា, ប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រី បានលើកឡើងអំពីកត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងបរិយាកាសអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន ជាពិសេសការវិនិយោគផ្ទាល់ពីបរទេស។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុន RAFULIN HOLDINGS SDN BHD ធ្វើធុរកិច្ចដោយផ្តោតលើការវិនិយោគ លើសកម្មភាពអាជីវកម្មជាច្រើននៅម៉ាឡេស៊ី ក្រោមទម្រង់ជាដៃគូសហការរដ្ឋនិងឯកជន មានដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ មានជាអាទិ៍ ផ្លូវថ្នល់, ផ្លូវដែក, ប្រព័ន្ធចម្រោះទឹកនិងបង្ហូរលូ និងការកកើតឡើងវិញថាមពលថ្មី ដែលសុទ្ធសឹងជាសម្បទាចាំបាច់សម្រាប់ទ្រទ្រង់ និងចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍។

ជាលទ្ធផលនៃជំនួបនេះ, លោកនាយកគ្រប់គ្រងក្រុមហ៊ុន RAFULIN HOLDINGS SDN BHD មានចំណាប់អារម្មណ៍ជាខ្លាំង ចំពោះកាលានុវត្តភាពវិនិយោគថ្មីៗ និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top