រដ្ឋមន្ដ្រីអប់រំ ផ្តាំផ្ញើដល់យុវតីថា «ត្រូវហ៊ានជឿលើក្តីសុបិន្តរបស់អ្នក ហ៊ានប្រឡូកក្នុងពិភពវិទ្យាសាស្ត្រ»

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្តាំផ្ញើដល់យុវតីទាំងអស់ថា ត្រូវហ៊ានជឿលើក្តីសុបិន្តរបស់អ្នក ហ៊ានប្រឡូកក្នុងពិភពវិទ្យាសាស្ត្រ ហ៊ានប្រឡូកក្នុងភាពច្នៃបង្កើតថ្មី អនាគតត្រូវការអ្នកទាំងអស់គ្នា។

ការផ្ដាំផ្ញើរបស់ លោករដ្ឋមន្ដ្រីអប់រំ នាឱកាសអញ្ជើញជាអធិបតីក្នុងសន្និសីទស្ដីពី អំណាច និងសកម្មភាពរបស់ស្ត្រី (Femmes de pouvoir et Femmes d’action) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី៣០ កញ្ញា ដោយមានការចូលរួមពីសំណាក់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំង បានតែងតែចូលរួមគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ និងកម្មវិធីការផ្លាស់ប្ដូរនិស្សិត និងការគាំទ្រដល់ការរៀបចំ ឱ្យមានកម្មវិធីនិងវេទិកា ចែករំលែកបទពិសោធ ចំណេះដឹង ជាពិសេសបានបង្ហាញការប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យអប់រំ យុវជន និងកីឡានៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ពិតណាស់ វិទ្យាសាស្ត្រមិនមែនសម្រាប់តែបុរសទេ ការចង់ដឹងចង់ឃើញ ភាពវៃឆ្លាត និងការច្នៃប្រឌិត គឺមានលក្ខណៈជាសកល។ លោកថា «យុវនារីគ្រប់រូបដែលជ្រើសរើសក្លាយជាវិស្វករ អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ អ្នកស្រាវជ្រាវ ឬសហគ្រិន មិនត្រឹមតែសម្រាប់អនាគតខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ»។ ជាក់ស្តែង យោងតាមលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងទៅថ្មីៗនេះ ឃើញថាមានអត្រាសិស្សជាស្ត្រីទទួលបាននិទ្ទេស A ដល់ទៅ ៥៦,៤១% នៃចំនួននិទ្ទេស A សរុប ៣០០៣នាក់។
តាមរយៈការធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទនេះ មិនត្រឹមតែជាការចែករំលែកចំណេះដឹង ផ្លាស់ប្តូរការគិតប៉ុណ្ណោះទេ តែក៏កំពុងកសាងទស្សនៈវិស័យរួមគ្នាមួយសម្រាប់អនាគតប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានលក្ខណៈអំណោយផល ផ្តល់ឱកាសសម្រាប់យុវតីវ័យក្មេងដែលមានសក្តានុពល ឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រ វិស្វករ អ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនិរន្តរភាព។

លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកោតសរសើរចំពោះលោកស្រី Claudie Haigneré ជាអតីតគ្រូពេទ្យ និងជាអ្នកអវកាស ដែលនេះជាគំរូឧត្តមភាពមួយ ចូលរួមជំរុញលើកទឹកចិត្តដល់ស្ត្រីផ្សេងទៀត ឱ្យបន្តខិតខំប្រឹងប្រែងកសាងសមត្ថភាព និង ឃើញយ៉ាងជាក់ច្បាស់ថា គ្មានឡើយដែនកំណត់សម្រាប់ស្រ្តី ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ លោកថា «សូមផ្តាំផ្ញើដល់យុវតីទាំងអស់ថា ត្រូវហ៊ានជឿលើក្តីសុបិន្តរបស់អ្នក ហ៊ានប្រឡូកក្នុងពិភពវិទ្យាសាស្ត្រ ហ៊ានប្រឡូកក្នុងភាពច្នៃបង្កើតថ្មី អនាគតត្រូវការអ្នកទាំងអស់គ្នា»៕

