អ្នកនាំពាក្យ ៖ ខេត្ត១១របស់កម្ពុជា រងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ឥទ្ធិពលខ្យល់ព្យុះក្នុងតំបន់ បានធ្វើឲ្យខេត្តចំនួន ១១ របស់កម្ពុជា រងការជន់លិច ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបានធ្វើឲ្យប៉ះពាល់ដល់ក្រុង-ស្រុក ប្រមាណជា៤៦ទីតាំង ដែលគិតជាគ្រួសារមានជាង៣ម៉ឺនគ្រួសារ ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ថា ដោយសារតែរងឥទ្ធិពលព្យុះ ក្នុងតំបន់បានធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ពិសេសតំបន់ខ្ពងរាប និងតំបន់វាលទំនាប នៃប្រទេសកម្ពុជា ។ ទឹកភ្លៀងនេះបានបង្កជាជំនន់ទឹកភ្លៀង នៅតំបន់មួយចំនួន ដែលគិតចាប់ពីថ្ងៃទី២៦ដល់៣០ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តដែលជន់លិចចំនួន១១ខេត្ត រួមមាន ៖ ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ ឧត្តរមានជ័យនិង ព្រះវិហារ។

លោកបញ្ជាក់ថា “ក្នុងនោះមូលដ្ឋានប៉ះពាល់មាន៤៦ ក្រុង/ស្រុក ស្មើ ៣២,២៩៥ គ្រួសារ ។ ចំណែកផ្ទះសម្បែងប៉ះពាល់វិញមានចំនួន ២៤,៧៩៥ ខ្នង ហើយជម្លៀសប្រជាជន១,១៦១ គ្រួសារ និងបានប៉ះពាល់ស្រូវប៉ះពាល់ ១៥,៨៦៤ ហិកតា” ។

ជាមួយគ្នានេះ លោក សុទ្ធ គឹមកុលមុនី បានឲ្យដឹងទៀតថា ចំណែកកម្ពស់ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែងមានកម្ពស់ ១០.៣៩ម៉ែត្រ ខណៈកម្រិតប្រុងប្រយ័ត្ន ១០.៧០ម៉ែត្រ , ទន្លេមេគង្គក្រចេះកម្ពស់២១.៦១ម៉ែត្រ កម្រិតប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ ។ សម្រាប់ទន្លេបាសាក់ចតុមុខកម្ពស់៩.១៥ម៉ែត្រដែលកម្រិតប្រុងប្រយ័ត្ន ១០.៥០ម៉ែត្រ ក្នុងពេលទឹកស្ទឹងនានាក្នុងខេត្តពោធិ៍សាត់ នៅពុំទាន់មានបញ្ហាអ្វីទេ៕




