ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យទឹកជំនន់ និងសួរសុខទុក្ខពលរដ្ឋ នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យមើលទីទួលសុវត្ថិភាពនៅឃុំជីរោទិ៍ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ការចុះពិនិត្យនេះ គឺក្នុងគោលបំណង ដើម្បីពិនិត្យស្ថានភាពទឹកជំនន់ជាក់ស្តែង និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

លោកទេសរដ្ឋមន្រ្តី គន់ គីម បានផ្តាំផ្ញើដល់ពលរដ្ឋឲ្យតាមដានស្ថានភាពទឹក និងត្រៀមខ្លួនជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ជាមួយគ្នានេះ លោកក៏បានណែនាំឲ្យពលរដ្ឋ ដែលជម្លៀសទៅកាន់ទីទួលរួចហើយ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ សុខភាព និងបរិស្ថានផងដែរ។

បើតាមរបាយការណ៍មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ កម្ពស់ទឹកទន្លេមេគង្គ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ ទឹកមានកម្ពស់ ១៤,២៦ ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកឡើង ០,១៦ ម៉ែត្រ ធៀបឆ្នាំមុនខ្ពស់ជាង ០,៩៤ម៉ែត្រ ។ សម្រាប់កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ៕






ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
