ព័ត៌មានជាតិ

៩ខែ ឆ្នាំ២០២៥ មន្ត្រីថ្នាក់ជាតិ និងក្រោមជាតិ ជាង ២ពាន់នាក់ បានទទួលការបណ្ដុះបណ្ដាល នៅសាលាជាតិរដ្ឋបាលមូលដ្ឋាន

ភ្នំពេញ ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ហៅកាត់ថា NASLA បានបន្តរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីចំនួន២៩វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុប២.៣២៩រូប ក្នុងនោះស្ត្រីមាន៧០៥រូប។

វគ្គបណ្ដុះបណ្ដាលទាំងនោះ គឺសម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិល នៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើតាមលោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន។

វគ្គបណ្ដុះបណ្ដាលដែល NASLA រៀបចំ ត្រូវបាន លោកនាយក ឱ្យដឹងថា មានជាអាទិ៍ វគ្គបណ្ដុះបណ្ដាលស្ដីពីនវានុវត្តន៍សម្រាប់រដ្ឋបាលមូលដ្ឋាន និងមូលដ្ឋាននីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព ការគ្រប់គ្រងរដ្ឋបាលសង្កាត់ សម្រាប់ក្រុមប្រឹក្សាសង្កាត់ចំនួន១០៥សង្កាត់របស់រដ្ឋបាលរាជធានីភ្នំពេញវគ្គទី៣ និងវគ្គទី៤ សេវាសាធារណៈឆ្លើយតបនឹងយេនឌ័រផ្សារភ្ជាប់ជាមួយថវិកា ឃុំ សង្កាត់ ការរៀបចំនិងការអនុវត្តផែនការ និងថវិការដ្ឋបាលឃុំ សង្កាត់ពាក់ព័ន្ធការងារអត្រានុកូលដ្ឋាន ការគ្រប់គ្រងរដ្ឋបាលខណ្ឌសម្រាប់ក្រុមប្រឹក្សាខណ្ឌចំនួន១៤ របស់រដ្ឋបាលរាជធានីភ្នំពេញ ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តតាមបែបវិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត វគ្គទី២ និងវគ្គទី៣។

បន្ថែមពីនេះ NASLA បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការសម្រុះសម្រួលវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ កិច្ចការស្មៀននៅរដ្ឋបាលរាជធានីភ្នំពេញ កម្មវិធីអប់រំភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យសម្រាប់ខេត្តកណ្ដាល កំពង់ស្ពឺ និងកំពង់ឆ្នាំង កម្មវិធីវិក្រឹតការមូលដ្ឋានជំនាន់៩ វិធីសាស្រ្តលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន វគ្គអន្តរាគមន៍អភិវឌ្ឍសមត្ថភាព កម្មវិធីការអប់រំភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យសម្រាប់គ្រូបង្គោល ប្រព័ន្ធតាមដានការអនុវត្តគម្រោងកម្មវិធីវាយតម្លៃវគ្គបណ្ដុះបណ្ដាលនិងរៀបចំផែនការ និងគ្រប់គ្រងផ្អែកលើលទ្ធផលសម្រាប់ផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់សាជាតិរដ្ឋបាលមូលដ្ឋាន និងវិធិសាស្ត្រលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋសម្រាប់គ្រូបង្គោល៕

To Top