ព័ត៌មានជាតិ

កម្លោះម្នាក់ហក់ចូលទឹកតាមដោះផ្លែសន្ទួច តែត្រូវហត់ រួចលង់ទឹកស្លាប់ក្នុងស្រះ

មណ្ឌលគិរីៈយុវជនវ័យ១៧ឆ្នាំម្នាក់ ដែលកំពុងតែស្ទួចត្រីជាមួយបងប្អូនម្នាក់ទៀត ផ្លែសន្ទួចរបស់គេ បានជាប់នៅកណ្តាលស្រះ ព្យាយាមហែលទឹកទៅដោះ ក៏ត្រូវស្លាប់ព្រោះ អស់ដៃ អស់ជើងហែលត្រឡប់មកវិញមិនរួច។

ហេតុការណ៍ដែលមិននឹកស្មានដល់នេះ កើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១ខែតុលាឆ្នាំ២០២៥ចំណុចស្រះ៧ ក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចម្ងាយ៣០០ម៉ែត្រ ពីផ្លូវជាតិ។

យោងតាមនគរបាលស្រុកពេជ្រាដា ដែលចុះធ្វើកោសល្យវិច្ច័យនិងសាកសួរ បានអោយដឹងថានៅវេលាម៉ោង១៣ និង២៥នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលស្រុកពេជ្រាដា បានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍ពូជ្រៃ  ថាមានករណីមនុស្សលង់ទឹកស្លាប់។

ក្រោយពីទទួល បានព័ត៌មានលោក អធិការ បានចាត់កម្លាំងជំនាញស្រុក សហការជាមួយ កម្លាំងជំនាញការិយាល័យកោសល្យវិច្ច័យ បច្ចេកទេស និងកម្លាំងប៉ុស្តិនគរបាលរដ្ឋបាល ចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យសាកសពជនរងគ្រោះ៖ ឈ្មោះ ម៉េង លីហ៊ួ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ  ទីលំនៅបច្ចុប្បន្ន ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

មន្ត្រីនគរបាល បានបញ្ជាក់សភាពនៃហេតុការណ៍ដែលផ្តល់ដោយសាក្សីថា
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៥  ឈ្មោះ ម៉េង លីហ៊ួរ  បានទៅ ស្ទូចត្រី តែពេលនោះផ្លែសន្ទូចក៏ជាប់នៅកណ្តាលស្រះ។ជនរងគ្រោះ ក៏បានហែលទៅដោះយកផ្លែសន្ទូច ពេលហែលត្រឡប់មកវិញ ក៏អស់ដៃអស់ជើង ដោយក្នុងស្រះមានសារាយដុះច្រើន ក៏បណ្ដាលអោយឈ្មោះ លង់ទឹកស្លាប់តែម្តង។

ផ្អែកតាមការបំភ្លឺឈ្មោះ អ៊ុត សុវណ្ណបញ្ញា ភេទប្រុស អាយុ ១០ ឆ្នាំ  មុខរបរ សិស្ស  ដែលទៅជាមួយគ្នា បានបំភ្លឺថា៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង១២ និង៣០នាទី ឈ្មោះ ម៉េង លីហ៊ួរ បានបបួលខ្ញុំបាទទៅស្ទូចត្រី នៅស្រះ៧ ពេលកំពុងតែស្ទូចត្រី ស្រាប់តែផ្លែសន្ទូចបានជាប់នៅកណ្ដាលស្រះ ហើយឈ្មោះ ម៉េង លីហ៊ួរ ក៏បានហែលទៅដោះយកផ្លែសន្ទូច ពេលហែលត្រឡប់មកវិញក៏ឃើញឈ្មោះ ម៉េង លីហ៊ួរ ហែលទឹកស្រវេស្រវ៉ា និងស្រែកឲ្យខ្ញុំជួយ ខ្ញុំមិនហ៊ានចុះទៅជួយ គាត់ទេព្រោះខ្ញុំមិនចេះហែលទឹក ខ្ញុំក៏បានរត់ទៅយកម៉ូតូ និងជិះទៅប្រាប់ប៉ាខ្ញុំឲ្យមកជួយគាត់តែម្តងទៅ ។

ចំណែកឈ្មោះ អ៊ុត ប៊ុនលី ភេទប្រុស អាយុ ៤០ ឆ្នាំ (ជាអ្នកស្រង់សពចេញពីទឹកស្រះ) បានរៀបរាប់ថា នៅវេលាប្រហែលម៉ោង០១:០០ នាទី ឈ្មោះ អ៊ុត សុវណ្ណបញ្ញា ជាកូនបង្កើតរបស់ខ្លួនបានជិះម៉ូតូមកប្រាប់ខ្ញុំថា បងហួរ លង់ទឹក ពេលនោះខ្ញុំក៏បានជិះម៉ូតូជាមួយកូនខ្ញុំទៅ ពេលទៅដល់ចំណុចទឹកស្រះ៧ កូនរបស់ខ្ញុំក៏ចង្អុលប្រាប់កន្លែងឈ្មោះ ហ៊ួរ លង់ទឹក តែខ្ញុំមើលមិនឃើញជនរងគ្រោះទេ ក៏ចុះទៅរាវរក ពេលនោះក៏ប៉ះជនរងគ្រោះ រួចក៏ស្រង់ជនរងគ្រោះឡើងមក លើ និងជួយធ្វើចលនាសង្គ្រោះបេះដូងដែរ តែជនរងគ្រោះបានស្លាប់បាត់ ទៅហើយ ។

គួរបញ្ជាក់ផងដែរថានគរបាលជំនាញបានពិនិត្យឃើញថា
១.ការត្រួតពិនិត្យកន្លែងកើតហេតុ៖ ស្រះទឹក មានបណ្ដោយ ១៥០ មែត្រ ទទឹង ២២ ម៉ែត្រ ជម្រៅ ៤,២ មែត្រ ក្នុងស្រះមានសារាយដុះច្រើន
២.ការត្រួតពិនិត្យលេដងខ្លួនសាកសព ៖
  -ផ្នែកក្បាល៖ ពុំមានអ្វីគួរឱ្យកត់សម្គាល់ទេ
  -ផ្នែកដងខ្លួន៖ ពុំមានអ្វីគួរឱ្យកត់សម្គាល់ទេ
  -ផ្នែកអវយវៈ៖ ពុំមានអ្វីគួរឱ្យកត់សម្គាល់ទេ
៣.ការសាកសួរបំភ្លឺសាក្សីនៅកន្លែងកើតហេតុ។ការសន្និដ្ឋានបឋម៖ យោងតាមការពិនិត្យយ៉ាងល្អិតល្អន់របស់មន្ត្រីជំនាញកោសល្យវិច័យលើសាកសព ព័ត៌មានប្រមូលបាន ៖ ជនរងគ្រោះដែលមានឈ្មោះខាងលើ ស្លាប់ដោយសារ លង់ទឹកមែន៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
          

To Top