ព័ត៌មានជាតិ

កម្ពុជា កំពុងទទួលរង ជំនន់ទឹកទន្លេ និងទឹកភ្លៀង

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងធនធានទឹក និង ឧតុនិយម លោក ចាន់ យុត្ថាបានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា បាននិងកំពុងទទួល នូវជំនន់ទឹកទន្លេ និងទឹកភ្លៀង ដែលបានកើតមានឡើង នៅតាមបណ្តាខេត្តមួយចំនួន។

លោក ចាន់ យុត្ថា បានឲ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ថា សម្រាប់ទឹកជំនន់ នៅតាមទន្លេមេគង្គបាន ធ្វើឲ្យខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី រងការជនលិច នៅផ្នែកមួយចំនួនផងដែរ ។

ចំពោះជំនន់ទឹកភ្លៀងវិញ លោកបញ្ជាក់ថា ទោះបីជាមានទឹកលិចលង់ពុំមានលក្ខណៈធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែក៏បានធ្វើឲ្យប៉ះពាល់ដល់ខេត្តសៀមរាប ពោធិ៍សាត់ កំពង់ធំ រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ ឧត្តរមានជ័យ និងព្រះវិហារ ។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា “ជំនន់យើងមាន២ផ្នែក គឺជំនន់ទន្លេដែលយើងមើលឃើញថា មានការកើតឡើងលើខេត្តមួយចំនួន ដួចជាកំពង់ចាម ក្រចេះអីជាដើម ។ មួយផ្នែកទៀតប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង”។

សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានប្រកាសអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ដល់៤ខែតុលា ឆ្នាំ២០២៥ថា សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ផងដែរ ៕

To Top