លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន អញ្ជើញចុះទៅសមរភូមិមុខដោយផ្ទាល់ ដើម្បីចែកជូនបាយសម្ល ១៥០០កញ្ចប់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់កងទ័ពជួរមុខ

ភ្នំពេញ៖ បន្ទាប់ពីបានរៀបចំចម្អិនបាយសម្លដោយផ្ទាល់ ជាមួយយោធិននារី នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញចុះទៅផ្ទាល់ ទៅកាន់សមរភូមិមុខជាលើកទី៧ ដើម្បីចែកជូនបាយសម្លរចំនួន១៥០០កញ្ចប់ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ កងពលតូចអន្តរាគមន៍លេខ៨, កងពលតូចអន្តរគមន៍លេខ១២៨, បញ្ជាការដ្ឋានទ័ពពិសេស, កងកាំភ្លើងធំ, បញ្ជាការដ្ឋានកងទ័ពជើងទឹក និងកងពលតូចដឹកជញ្ជូនលេខ៩៩ កម្លាំងប្រចាំការទីបញ្ជាការស្រអែមនិងកម្លាំងសហការជាមួយកម្លាំងកាំភ្លើងធំ។
សកម្មភាពនេះបានបង្ហាញនូវទឹកចិត្តដ៏ថ្លៃថ្លា តាមរយៈការរៀបចំចម្អិនបាយសម្ល ដោយផ្ទាល់ដៃ ដើម្បីជូនដល់បងប្អូនវីរៈកងទ័ពជួរមុខនៃ ដែលបានពលីកម្លាំងកាយពលីចិត្តការពារបូរណភាពទឹកដី។ នេះជាការបង្ហាញនូវក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងការលះបង់របស់វីរៈកងទ័ពទាំងអស់នៅសមរភូមិមុខ។
សូមបញ្ជាក់ថា កន្លងមកលោកស្រី ចាយ ច័ន្ទរ៉ានី រួមជាមួយយោធិននារីកងពលតូចដឹកជញ្ជូនលេខ៩៩ បានរៀបចំចម្អិនបាយសម្លរ យកចែកជូនដល់វីរៈកងទ័ពជួរមុខបានចំនួន ៦លើករួចមកហើយ ដើម្បីផ្តល់កម្លាំងចិត្តដល់បងប្អូនកងទ័ព។ សកម្មភាពទាំងនេះពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ស្មារតីសាមគ្គីភាពជាតិ ជាធ្លុងមួយ រវាងសមរភូមិក្រោយនិងសមរភូមិមុខ ដែលមាន ឆន្ទៈតែមួយ ស្មារតីតែមួយ និងបេះដូងតែមួយ ក្នុងការរួមគ្នាទប់ទល់រាល់ការឈ្លានពានពីសំណាក់បរទេស។ ការគាំទ្រពីខាងក្រោយនេះគឺជាខែលដ៏រឹងមាំមួយសម្រាប់លើកកម្ពស់ស្មារតីប្រយុទ្ធរបស់កងទ័ពជួរមុខយើង៕







