អភិបាលរងរាជធានី ៖ សំណើរនិងសំណូមពរ របស់ប្រជាពលរដ្ឋ ក្នុងខណ្ឌបឹងកេងកង អាជ្ញាធរ នឹងពន្លឿនការដោះស្រាយជូន

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែតុលាឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋរស់នៅខណ្ឌ បឹងកេងកង ភាគច្រើនស្នេីអាជ្ញាធរ ជួយដាក់បង្គោលភ្លើង អំពូល ការស្តារលូនិងដាក់ បណ្តាញលូថ្មីជាដើម ខណៈដែល លោក ហួត ហៃ អះអាងថា ចំពោះការស្នើឡើង របស់ប្រជាពលរដ្ឋ អាជ្ញាធរ នឹងពន្លឿនការដោះស្រាយបញ្ហាទាំងអស់ ដើម្បីឆ្លើយតបទៅនឹងសំណើរនិងសំណូមពរ ។

សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាពេលនេះ ត្រូវបានធ្វើឡើង នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ក្រោមអធិបតីលោក ជូប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ក្នុងនោះលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានសំណើរនិងសំណូមពរ ផ្ទាល់មាត់ចំនួន៨នាក់ និងសំណើជាលាយលក្ខណ៍ អក្សចំនួន២០ បញ្ហា ដោយមានប្រជាពលរដ្ឋ ចូលរួមប្រមាណ៤១៦នាក់។ បញ្ហាដែលពលរដ្ឋលើកឡើង ក្នុងវេទិកាខាងលើនេះ ភាគច្រើនពាក់ព័ន្ធ នឹងវិស័យសាធារណការ ដូចជាសុំជួយដាក់បង្គោលភ្លើង អំពូលភ្លើងសាធារណៈ ការស្តារលូនិងដាក់ បណ្តាញលូថ្មីជាដើម ជាមួយនិងការសុំមានវិធានការជុំវិញ ម៉ូតូ ដឹកទំនិញនិងម្ហូបអាហារតាមអនឡាញ បានបើកបរលឿន ជ្រែគេឯង និងមើលទូរស័ព្ទពេលបើកបរ ធ្វើឱ្យគ្រោះថ្នាក់ចរាចរដ៏អ្នកដទៃ។

លោក ហួត ហៃ បានលេីកឡេីងទៀតថា ចំពោះការស្នើឡើងរបស់ប្រជាពលរដ្ឋ អាជ្ញាធររាជធានី នឹងពន្លឿនការដោះស្រាយបញ្ហាទាំងអស់នេះ ដើម្បីឆ្លើយតបទៅនឹងសំណើរនិងសំណូមពរ ដែលជាការលើកឡើង របស់ប្រជាពលរដ្ឋ។ ចំពោះបញ្ហា មិនទាន់ដោះស្រាយបាន រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តពិភាក្សា ជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោក ហួត ហៃ បញ្ជាក់ថា វេទិកានេះ បានរកឃើញ នូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាល រាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

ជាការឆ្លេីយតបលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះសុំជួយដាក់បង្គោលភ្លើង អំពូលភ្លើងសាធារណៈ ការស្តារលូនិងដាក់បណ្តាញលូថ្មី មន្ទីរនិងអនុវត្តភ្លាមៗ តែចំពោះគម្រោងសុំធ្វើលូថ្មីនៅផ្លូវ៣៩២ នៅផ្សារបឹងកេងកង មន្ទីរនឹងសុំគោលការណ៍ទៅអភិបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយឱ្យទាន់ពេលផងដែរ។

ក្នុងឱកាសនេះ លោក ជួប ខុន បានបញ្ជាក់ថា វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋលើបញ្ហាសន្តិសុខ សណ្តាប់ ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្ត ការដោះស្រាយជូន៕
ដោយ៖ ដារាត់| ដើមអម្ពិល









