ព័ត៌មានជាតិ

ពលរដ្ឋ ២៣គ្រួសារ ដែលរងផល ប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងស្រុកស្ទឹងត្រង់ បានទទួលអំណោយសង្គ្រោះបន្ទាន់ពីអភិបាលខេត្តកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយ សង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋ ចំនួន ២៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះ ទឹកជំនន់ ត្រូវបាន ជំលៀសទៅកាន់ទីទួលសុវត្ថិភាព នៅភូមិវត្ត ឃុំទូលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ។

លោក អ៊ុន ចាន់ដា បានយកឱកាសនោះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពង់រងគ្រោះដោយទឹកជំនន់ និងបានជម្លៀសមកកាន់ ទីទួលសុវត្ថិភាព ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងសុវត្ថិភាព សុខភាព និងការរក្សាអនាម័យ ជាពិសេស រក្សាកូនៗ ឬក្មេងតូចៗលេងទឹក នៅតាមតំបន់ប្រឈមគ្រោះថ្នាក់ ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ទាំងតាមខ្នងផ្ទះ ដែលទទួលទឹកជំនន់ និងទាំងប្រជាពលរដ្ឋ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្រៅពីនោះអាជ្ញាធរពាក់ព័ន្ធ ក៏ត្រូវបន្តតាមដាន សភាពការណ៍ និងស្ថានភាពទឹកជាប្រចាំ ដើម្បីបន្តជួយអន្តរាគមន៍ បានទាន់ពេលវេលា ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋផងដែរ ក្នុងករណីបើមានជំងឺដង្កាត់ផ្សេងៗ ឬមានសត្វអសិរពិសចឹក សូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ដែលមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់ សម្រាប់ធ្វើការព្យាបាលភ្លាមៗ មិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។

គួរបញ្ជាក់ថា យកអំណោយសង្គ្រោះបន្ទាន់ ដែលត្រូវចែកជូនពលរដ្ឋទាំង ២៣គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករចំនួន ២៥គ.ក្រ ទឹកស៊ីវ ១យូរ ទឹកត្រី ១យូរ អំបិល ១កញ្ចប់ មុង ១ ភួយ ១ កន្ទេល ១ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top