ព័ត៌មានជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមរួចរាល់ ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគ របស់វិស័យឯកជននៅកម្ពុជា

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមលក្ខណៈរួចរាល់ជានិច្ច ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល។

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន BYD AUTO INDUSTRY CO., LTD. ដឹកនាំដោយ លោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD (Executive Director of BYD Group President’s Office) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួប នាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីគោរពជម្រាប លោកឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍ការងាររបស់ក្រុមហ៊ុន BYD នៅកម្ពុជាក្នុងរយៈពេលកន្លងមក, វឌ្ឍនភាពនៃការអនុវត្តការងារសាងសង់រោងចក្រតម្លើងរថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, និងគម្រោងក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ រោងចក្រតម្លើងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលជួសជុលថែទាំ នាពេលឆាប់ៗខាងមុខ។

លោក នាយកប្រតិបត្តិ នៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD ក៏បានពាំនាំនូវការកត់សម្គាល់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងសម្ព័ន្ធ BYD ដែលមានការភ្ញាក់ផ្អើលចំពោះល្បឿននៃការអនុវត្តការងារនៅកម្ពុជា ហើយគ្រោងនឹងយកជាករណីសិក្សាសម្រាប់ការវិនិយោគបន្តបន្ទាប់នាពេលអនាគត។ ទន្ទឹមនេះដែរ ក្រុមហ៊ុនបានសម្តែងនូវការប្តេជ្ញាចិត្តចូលរួមសហការជាមួយក្រុមហ៊ុន Huawei ក្នុងការរៀបចំសម្របសម្រួលលើបេសកកម្មជំរុញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មយានយន្ត និងអេឡិចត្រូនិក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងទីក្រុង Shenzhen សាធារណរដ្ឋប្រជាមានិតចិន នាពេលអនាគត។

ជាការឆ្លើយតប លោក ឧបនាយករដ្ឋមន្ត្រី រំពឹងថា សម្ព័ន្ធ BYD នឹងពាំនាំអំពីគុណសម្បត្តិ និងចំណុចវិជ្ជមាននានាដែលពាក់ព័ន្ធការវិនិយោគនៅកម្ពុជាផ្សព្វផ្សាយបន្តទៅកាន់ដៃគូវិនិយោគ និងសហគមធុរកិច្ចរបស់ខ្លួនផងដែរ។ 

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល រីករាយនិងត្រៀមលក្ខណៈរួចរាល់ជានិច្ច ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុតជូនដល់វិនិយោគិន»៕

To Top