ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់​ គ.ជ.ប ជុំវិញ ផែនការយុទ្ធសាស្រ្តជាតិ​ ស្តីពីពិការភាព​ ឆ្នាំ២០២៤-២០២៨​

ភ្នំពេញ៖​ ដោយមានកិច្ចសហការ​ ជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ “ផែនការយុទ្ធសាស្រ្ត-ជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨” ជូនដល់សមាជិក សមាជិកាក្រុមការងារសកម្មភាពជនពិការគ.ជ.ប នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការ គ.ជ.ប។

នាឱកាសអញ្ជើញជាអធិបតី​ ក្នុងពិធីបិទកិច្ចប្រជុំ លោក សោម សូរីដា​ ស​មាជិក គ.ជ.ប បានគូសបញ្ជាក់ថា គ.ជ.ប មានគោលនយោបាយលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិជនមានពិការភាព ដើម្បីមានឱកាសចូលរួម​ ក្នុងកិច្ចការនយោបាយនិងការបោះឆ្នោត តាមរយៈការផ្ដល់នូវលក្ខខណ្ឌលើកទឹកចិត្ត​ ដល់បេក្ខជន បេក្ខនារីមានពិការភាព​ ដែលមានសមត្ថភាព និងកាយសម្បទាសមស្របក្នុងការដាក់ពាក្យចូលបម្រើការងារបោះឆ្នោតទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងការរៀបចំទីតាំងការិយាល័យបោះឆ្នោត​ នៅកន្លែងដែលអ្នកបោះឆ្នោតអាចធ្វើដំណើរទៅមក​ បានដោយគ្មានឧបសគ្គ គ្មានការរំខាន និងបង្កលក្ខណៈងាយស្រួល​ ដល់ជនមានពិការភាព។

លោក សោម សូរីដា បានមានប្រសាសន៍ថា ដោយមើលឃើញពីសារៈសំខាន់​ នៃផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពនេះ ទើប លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បានផ្ដល់កិត្តិយសធ្វើជាប្រធានកិត្តិយស​ នៃក្រុមការងារសកម្មភាពជនពិការគ.ជ.ប។ មិនត្រឹមតែប៉ុណ្ណោះមន្ត្រីរាជការ គ.ជ.ប ដែលជាជនមានពិការភាពជាច្រើន​ ត្រូវបាន គ.ជ.ប លើកទឹកចិត្តតាមគុណសម្បត្តិ និងសមត្ថភាព ដោយតែងតាំងឱ្យកាន់មុខតំណែងគ្រប់គ្រង នៅតាមបណ្តានាយកដ្ឋាន និងអង្គភាពនានា​ ក្នុងរចនាសម្ព័ន្ធអង្គការលេខ​ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។

លោកបានបញ្ជាក់ថា ទាំងអស់នេះ គឺជាសូចនាករបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងឆន្ទៈរបស់ គ.ជ.បក្នុងការចូលរួមលើកកម្ពស់សិទ្ធិជនមានពិការភាព សំដៅបង្កើនចំនួនជនមានពិការភាពកាន់តែច្រើននាក់​ បានចូលរួមក្នុងសកម្មភាពការងារបោះឆ្នោត ជីវភាពនយោបាយកិច្ចការសាធារណៈ និងបរិយាបន្នពិការភាព នៅក្នុងដែនសមត្ថកិច្ចរបស់ គ.ជ.ប ដែលជាការរួមចំណែកលើកកម្ពស់សិទ្ធិជនមានពិការភាពក្នុងក្របខណ្ឌជាតិ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សោម សូរីដា បានសម្តែងនូវការអបអរសាទរ​ ចំពោះក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលសម្រេចបាននូវភាពជោគជ័យ​ ក្នុងការចូលរួមលើកកម្ពស់វិស័យពិការភាពនៅកម្ពុជា លើឆាកអន្តរជាតិ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានជាអាទិ៍ ជោគជ័យជាប្រវត្តិ-សាស្ត្រក្នុងការធ្វើជាម្ចាស់ផ្ទះ​ រៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២​ ការរៀបចំកីឡាជាតិ លើកទី១៣ និងកីឡាជនមានពិការភាពលើកទី១ និងការរៀបចំសន្និសីទជនមានពិការភាពប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន។ ជោគជ័យទាំងនេះបានជំរុញកម្ពុជា ឱ្យទទួលបានកិត្យានុភាពថ្មីៗបន្ថែមទៀត ស្មើមុខ ស្មើមាត់ជាមួយនឹងអន្តរជាតិ ជាពិសេសឆ្លុះបញ្ចាំងអំពីសក្តានុពល និងវឌ្ឍនភាពនៃវិស័យពិការភាពនៅកម្ពុជាមិនចាញ់បណ្តាប្រទេសនានា​ នៅក្នុងតំបន់ និងអន្តរជាតិឡើយ។

សូមជម្រាបជូនថា អនុលោមតាមសេចក្ដីសម្រេចលេខ៥០១គ..... ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ .. បានបង្កើតក្រុមការងារ​ សកម្មភាពជនពិការ .. ដែលមាន លោក ប្រាជ្ញ ចន្ទ ប្រធាន .. ជាប្រធានកិត្តិយស លោក ម៉ុក ដារ៉ា​ អគ្គលេខាធិការរង ជាប្រធាន និងមានអនុប្រធាន ១រូប ព្រមទាំងសមាជិក សមាជិកា ៨រូប ដែលជាមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះអគ្គលេខាធិការដ្ឋាន ..ប៕

To Top