រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ថាមពល ស្អាតជាកត្តាជំរុញ ភាពប្រកួតប្រជែង នៃឧស្សាហកម្មកម្ពុជា

ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ថាមពលស្អាតជាកត្តាជំរុញភាពប្រកួតប្រជែង នៃឧស្សាហកម្មកម្ពុជា ហើយថាមពលស្អាត លែងជាជម្រើសទៀតហើយ តែជាតម្រូវការរបស់ទីផ្សារផងដែ។

ការលើកឡើងរបស់ លោក ហែម វណ្ណឌី ក្នុងវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានបើកជាផ្លូវការក្រោមមូលបទ «ជំរុញសេដ្ឋកិច្ចថាមពលស្អាត» ។ កម្មវិធីពេញមួយសប្តាហ៍នេះ ត្រូវបានរៀបចំឡើង ដោយអង្គការ EnergyLab សហការជាមួយស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា និងអង្គការ UNDP ដើម្បីផ្តល់ជាវេទិកាមួយ សម្រាប់ការផ្លាស់ប្តូរឧត្តមានុវត្តន៍ ជំរុញកិច្ចសហការ និងពន្លឿនបរិវត្តកម្មកម្ពុជា ឆ្ពោះទៅរកសេដ្ឋកិច្ចដែលកាន់តែបៃតង និងធន់ជាងមុន។
ថ្លែងក្នុងពិធីបើកសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា «ថាមពលស្អាត លែងជាជម្រើសទៀត ហើយ តែជាតម្រូវការរបស់ទីផ្សារ និងជាគន្លឹះ ដើម្បីទាញកំណើនក្នុង ដំណាក់កាលថ្មីរបស់យើង – កំណើនដែលមិនកំណត់ត្រឹមតែ បរិមាណថាមពលស្អាត ដែលយើងផលិតបានប៉ុណ្ណោះទេ តែដោយការផលិត និងការប្រើប្រាស់ថាមពលស្អាត ប្រកបដោយភាពឆ្លាតវៃ និងនិរន្តរភាព»
លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានលើកឡើងថា ជាមួយនឹងគោលនយោបាយ ដែលមានប្រសិទ្ធិភាព កម្ពុជាអាចពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវស្ថេរភាពថាមពល កាត់បន្ថយចំណាយ និងទាក់ទាញការវិនិយោគប្រកបដោយទំនួលខុសត្រូវ។
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការប្រើប្រាស់ថាមពលស្អាតនៅក្នុងរោងចក្រ និងខ្សែច្រវាក់ផលិតកម្ម ព្រមទាំងរួមបញ្ចូលថាមពលស្អាតទៅក្នុងគ្រប់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីបង្កើនភាពធន់ និងកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការប្រែប្រួលថ្លៃប្រេងឥន្ធនៈ។
លោក ហែម វណ្ណឌី បានបន្ថែមថា បច្ចុប្បន្ន ម៉ាកយីហោសកលកំពុងផ្តោត ការបញ្ជាទិញរបស់ខ្លួនពី ក្រុមហ៊ុនផ្គត់ផ្គង់ដែលប្រើប្រាស់ថា មពលស្អាត និង អនុវត្តគោលការណ៍និរន្តរភាព ។ ឯកឧត្តមបានរំលេចនូវគំនិត ផ្តួចផ្តើមមួយចំនួន នៅកម្ពុជា ដូចជាកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង កម្មវិធីរោងចក្របៃតងគំរូនៃគម្រោង SWITCH Garment និងការអភិវឌ្ឍតំបន់ សេដ្ឋកិច្ចពិសេសបៃតង ជាឧទាហរណ៍នៃការអនុវត្តគោលការណ៍ និរន្តរភាពសម្រាប់ លើកកម្ពស់ផលិតភាព និងការពង្រីកទីផ្សារ។
លោក រដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន បន្តការវិនិយោគលើជំនាញ ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីធានាថា កម្ពុជាអភិវឌ្ឍកម្លាំងពលកម្មដែលត្រៀមលក្ខណៈរួចជាស្រេចសម្រាប់អនាគត ព្រមទាំងអាចចាប់យកឱកាសឧស្សាហកម្មថ្មីៗ ដែលភ្ជាប់ទៅនឹងថាមពលស្អាត៕
