ខេត្តកំពង់ចាម នឹងមានកំពង់ផែ ទេសចរណ៍ ដែកបណ្តែតទឹក

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូនបានថ្លែងថា កំពង់ផែទេសចរណ៍ដែក បណ្តែតទឹកមួយថ្មីស្រឡាងនឹងលេច ចេញជារូបរាងនៅលើទឹកដីខេត្តកំពង់ចាម នាពេលឆាប់ខាងមុខនេះហើយ ។

បើតាមហ្វេសប៊ុកលោក ផន រឹម ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ ខេត្តកំពង់ចាមមានភ័ព្វវាសនា ក្រៃលែង ដែលទទួលបានគម្រោងថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល អនុវត្តការសាងសង់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន គឺកំពង់ផែទេសចរណ៍កំពង់ចាម ។ កំពង់ផែទេសចរណ៍ដែក បណ្តែតទឹកក្រុងកំពង់ចាម ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលមានវានាដឹកជញ្ជូនភ្ញៀវ ទេសចរអន្តរជាតិពីប្រទសវៀតណាម ចូលចតទៅតាមកាលវិភាគដែលបានគ្រោងទុក។
លោកបន្តថា ការដាក់ដំណើរ ប្រតិបត្តិការកំពង់ផែនេះ នៅពេលអនាគត ពិតជាផ្តល់ឱកាសដ៏វិសេស ដើម្បីអភិវឌ្ឍន៍តំបន់ ក្រុងកំពង់ចាម ឲ្យមានការរីកចម្រើន បានយ៉ាងឆាប់រហ័ស។ ម្យ៉ាងវិញទៀត ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ ជាប់នឹងគម្រោងពង្រីកផ្លូវនាវាចរណ៍ពីភ្នំពេញមកកំពង់ចាម និងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ កំពង់ផែទេសចរណ៍នេះ នឹងបន្តទទួលភ្ញៀវទេសចរ កាន់តែច្រើនថែមទៀតនៅពេលអនាគត។
អ្នកនាំពាក្យក្រសួងសាធារណការ ឲ្យដឹងទៀតថា នៅពេលសាងសង់ ចប់រួចរាល់ កំពង់ផែទេសចរណ៍ដែកបណ្តែត ទឹកក្រុងកំពង់ចាម នឹងត្រូវប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាមជាអ្នកគ្រប់គ្រង និងប្រតិបត្តិការ។
លោកផន រឹមថា ផ្អែកតាមផែនកា រនៃការ អនុវត្តគម្រោង ការសាងសង់សំណង់កំពង់ផែទេសចរណ៍ ដែកបណ្តែតទឹកសម្រាប់ ដំណាក់កាលទី១នេះ នឹងប្រើប្រាស់រយៈពេល២៤ ខែ។ ជាមួយគ្នានេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដំណាក់កាលទី២ ដែលរួមមាន ៖ អគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ខណៈក្រសួងសាធារណការ នឹងខិតខំបញ្ចប់ការសាសង់គម្រោង ដ៏សំខាន់នេះឲ្យរួចរាល់តាមការគ្រោងទុក៕
