ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ប្អូនៗត្រូវដឹងថា ប្អូនៗទាំងអស់គ្នានេះហើយ នឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមាន កំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ប្អូនៗត្រូវដឹងថា ប្អូនៗទាំងអស់គ្នានេះហើយ នឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិ ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសអញ្ជើញ ជាអធិបតីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤អង្គ/នាក់ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ លោករដ្ឋមន្រ្តី នៃក្រសួង ស្ថាប័ននានា លោក លោកស្រី ជា តំណាងក្រសួង-ស្ថាប័ន គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និស្សិតជ័យលាភី និងមាតាបិតា អាណាព្យាបាល សរុបប្រមាណ ៦,០០០អង្គ/នាក់។

ផ្សាភ្ជាប់ជាមួយការអបអរសាទរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់និស្សិតជ័យលាភី ដែលទើបតែបានបញ្ចប់ ការសិក្សា ជាប់ជាស្ថាពរ នៅជំនាញ ដែលបានជ្រើសរើស ដោយមានប្រសាសន៍ជូនពរ និងធ្វើការកោតសរសើរ ដល់ការខំប្រឹងប្រែង ដោយសង្ឃឹមថា អ្នកទទួលសញ្ញាបត្រនៅថ្ងៃនេះ ទទួលបានជោគជ័យ ក្នុងមាគ៌ាជីវិតជាបន្តបន្ទាប់ នាំកិត្តិយសម្រាប់ខ្លួនឯង នាំការសាទរ កិតិ្តយសសម្រាប់គ្រួសារ និងសូមឱ្យមានការផ្សាភ្ជាប់អ្វី ដែលជាមាគ៌ាជីវិតរបស់ខ្លួន ទៅលើភាពសុខទុក្ខរបស់ប្រទេសជាតិ ។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង បន្ថែមដែរថា «ប្អូនៗត្រូវដឹងថា ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើម របស់ជាតិយើង ហើយការបញ្ចប់ការសិក្សា របស់ប្អូនៗនៅពេលនេះ បានបើកឱកាស នៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាង សំខាន់ដល់ការអភិវឌ្ឍកម្ពុជា»។

ឧបនាយករដ្ឋមន្ត្រី បន្ដថា «ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ប្អូនៗ ដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ ទាំងកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សុទ្ធសឹងជាបញ្ញវន្ត ប្រកបដោយបញ្ញាញាណ និងជា កម្លាំងស្នូល ពោរពេញដោយបច្ចេកទេស ជំនាញ មានចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ល្អប្រពៃ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ទៅចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមកម្ពុជា»។

សូមជម្រាបថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ២,៨១៤អង្គ/នាក់ ក្នុងនោះរួមមាន៖ ថ្នាក់បណ្ឌិត ចំនួន ១០នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៧៥នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ១,៨៩៧នាក់ និងថ្នាក់បរិញ្ញាបត្ររង ចំនួន ៧៣២នាក់។ បច្ចុប្បន្ន សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ៣ទីតាំង ក្នុងរាជធានីភ្នំពេញ៖ ទីតាំងទី១-ទួលស្លែង, ទីតាំងទី២-ស្ពាន អាកាសចោមចៅ (កន្លែងកំពុងប្រារព្ធពិធីប្រគល់សញ្ញាបត្រនាពេលនេះ) និងទីតាំងទី៣-ទួលពង្រ (កំពុងសាងសង់)៕

To Top