ព័ត៌មានជាតិ

ប្រធានរដ្ឋសភា ប្រាប់ម៉ាឡេស៊ី ថា កម្ពុជា ប្រកាន់ខ្ជាប់អនុវត្តបទឈប់បាញ់ ខណៈកម្ពុជា ស្រឡាញ់សុខសន្ដិភាព

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងប្រាប់សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ថា កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់អនុវត្តបទឈប់បាញ់ ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ក្រោមការដឹកនាំផ្ទាល់របស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

ការលើកឡើងរបស់ ប្រធានរដ្ឋសភាកម្ពុជា នាឱកាសទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយ លោកបណ្ឌិត ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី (YB SENATOR DATUK WIRA DR. MOHD HATTA BIN MD RAMLI) សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេច រដ្ឋសភាធិបតី ឃួន សុដារី បានរំលឹកថា កម្ពុជាស្រឡាញ់សន្តិភាព ការពារសន្តិភាព ដោយសារកម្ពុជា ធ្លាប់បានឆ្លងកាត់សង្រ្គាម និងបានហែលឆ្លងទុក្ខលំបាក ពីសង្រ្គាមអស់ជាច្រើន ទសវត្សរ៍មកហើយ ។ ដូច្នេះមិនចង់ឃើញពលរដ្ឋខ្លួន ឬជាតិសាសន៍ដទៃ ជួបទុក្ខលំបាកពីសង្រ្គាមទៀតនោះឡើយ។

សម្ដេច បន្ដថា «ដើម្បីសេចក្តីសុខដល់ពលរដ្ឋទំាងសងខាង ក៏ដូចសហគមន៍អាស៊ានទំាងមូល កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ អនុវត្តបទឈប់បាញ់ ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ក្រោមការដឹកនាំផ្ទាល់ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលផ្តួចផ្តើមដោយ ប្រធានាធិបតី សហរដ្ឋអាមេរិក និងមានការចូលរួមសង្កេតការណ៍ ដោយបណ្តាប្រទេសជាមិត្ត មានប្រទេសចិនជាដើមនោះ»។

សម្តេច ប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូថា កម្ពុជានៅប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការដែលមានស្រាប់ គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា សហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី បានតាមដានដោយយកចិត្តទុកដាក់នូវការអនុវត្តបទឈប់បាញ់ ហើយគំាទ្រប្រសាសន៍ លើកឡើងរបស់ សម្តេច ប្រធានរដ្ឋសភា ដែលថាជម្លោះមិនអាចដោះស្រាយដោយសង្រ្គាមនោះទេ មានតែការចរចាទេ ទើបអាចបញ្ចប់សង្រ្គាមបាន ។ លោក មានជំនឿមុតមាំថា «បញ្ហានេះនឹងដោះស្រាយបានក្នុងពេលឆាប់ៗ»៕

To Top