ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា ៖ សាងសង់កំពង់ផែ ទេសចរណ៍កំពង់ចាម ដើម្បីជំរុញកំណើន សេដ្ឋកិច្ចជាតិបន្ថែមទៀត

កំពង់ចាម ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម នាពេលនេះ គឺជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។

ក្នុងពិធីបើកការដ្ឋាន សាងសង់កំពង់ផែទេសចរណ៍កំពង់ចាម នៅថ្ងៃទី៣ តុលា នេះ លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ពិធីបើកការដ្ឋាន សាងសង់កំពង់ផែ ទេសចរណ៍ កំពង់ចាម ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ គឺជាការបង្ហាញឱ្យឃើញ អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការជំរុញរៀបចំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត ស្របតាមបរិបទ ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងជីវភាពរុងរឿងរបស់ប្រជាជន»។

លោក រដ្ឋមន្ដ្រី បន្ដថា រួមជាមួយនឹងកំណើននៃសក្តានុពលទេសចរណ៍នៅក្នុងខេត្តកំពង់ចាមផងដែរ ដែលទាំងនេះ គឺជាកត្តាជំរុញឱ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ចាម ធ្វើការសិក្សារៀបចំការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍នៅក្នុងខេត្តនេះ។

គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍កំពង់ចាម មានទីតាំងស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលគ្រោងសាងសង់ឡើងនៅលើច្រាំងទន្លេ ដែលជាដីកម្មសិទ្ធិរបស់រដ្ឋ ផ្អែកតាមផែនការនៃការអនុវត្តគម្រោង ការសាងសង់សំណង់កំពង់ផែសម្រាប់ដំណាក់កាលទី១នេះ នឹងប្រើប្រាស់រយៈពេល ២៤ខែ ជាមួយគ្នានេះផងដែរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួមមានអគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦៕

To Top