ព័ត៌មានជាតិ

ពិព័រណ៍កសិកម្មកម្ពុជា ចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត ពិព័រណ៍កោះពេជ្រ

ភ្នំពេញ ៖ វេទិកា និង ពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្ម ដ៏ធំបំផុតដំបូងបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

ក្រសួងកសិកម្ម បានឱ្យដឹងថាក្នុង ព្រឹត្តិការណ៍នេះដឹកនាំរៀបចំ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដោយមានការចូលរួម សហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។ ព្រឹត្តិការណ៍ CAFE25 នឹងក្លាយជាវេទិកា ដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារ នៅព្រះរាជាណាចក្រកម្ពុជា ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៥ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា CAFE25 គឺជាព្រឹត្តិការណ៍ ក្នុងវិស័យកសិស្បៀងអាហារដែលមានទំហំ និងវិសាលភាពធំបំផុត ដំបូងបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា ។ ព្រឹត្តិការណ៍ CAFE25 រួមបញ្ចូលវេទិកាកសិកម្មកម្រិតខ្ពស់រយៈពេលពីរថ្ងៃ និងពិព័រណ៍កសិកម្មរយៈពេលបួនថ្ងៃ។ កម្មវិធីបើកព្រឹត្តិការណ៍ CAFE25 គ្រោងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឬឧបនាយករដ្ឋមន្រ្តីតំណាងសម្ដេចធិបតី ។ ការណ៍នេះសរបញ្ជាក់ ពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល ក្នុងការជំរុញ ការអភិវឌ្ឍន៍ វិស័យកសិកម្មកម្ពុជា ។

លោក បានគូសបញ្ជាក់ដែរថា សម្រាប់ព្រឹត្តិការណ៍ CAFE25 គឺជាវេទិកាដ៏សំខាន់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម រួមមានកសិករ អ្នកផលិត អ្នកកែច្នៃ ពាណិជ្ចករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងចាប់យកឱកាសថ្មីៗ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យ កសិស្បៀងអាហារនៅកម្ពុជា ដែលកំពុងរីកចម្រើន ។ សម្រាប់វេទិការយៈពេលពីរថ្ងៃ ផ្តល់ឱកាសដល់អ្នកចូលរួម ក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រី រាជរដ្ឋាភិបាល វិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងអ្នកជំនាញអាជីវកម្មកសិកម្មនានា ។

កម្មវិធីវេទិការកសិកម្មរួមបញ្ចូលការពិភាក្សាកម្រិតខ្ពស់ ការពិភាក្សាស៊ីជម្រៅ និងបទបង្ហាញផ្សេងៗ ដែលផ្តោតលើទិដ្ឋភាពទីផ្សារ តម្រូវការទីផ្សារ បរិយាកាសវិនិយោគ ជម្រើសហិរញ្ញវត្ថុ ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូន ក៏ដូចជាការចែករំលែកបទពិសោធន៍ជោគជ័យរបស់វិស័យឯកជនផងដែរ។

កិច្ចពិភាក្សានឹងផ្តោតជាពិសេសលើឱកាសវិនិយោគ ក្នុងទំនិញអាទិភាពទាំងមុខរួមមាន៖ ស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្វាយ បន្លែ ត្រី ម្រេច និងផលិតផលឈើ ប្រើប្រាស់ប្រកបដោយចីរភាព ៕

To Top