បង្ក្រាបទូក ដឹកទំនិញមួយគ្រឿង តាមសមុទ្រចេញពីថៃ រកឃើញកញ្ឆាក្រៀមជាង៦១គីឡូក្រាម និងសារធាតុផ្សំជាង៥០០គីឡូក្រាម

កោះកុង ៖ ទូកដឹកទំនិញមួយគ្រឿង ចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមផ្លូវសមុទ្រ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងគយចល័តបង្ក្រាប និងរកឃើញកញ្ឆាក្រៀមជាង៦១គីឡូក្រាម និងសារធាតុផ្សំផ្សេងទៀត ជាង៥០០គីឡូក្រាម នៅចំណុចមុខព្រែកប៉ាក់ខ្លង ភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

របាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តកោះកុង ទទួលបាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការឃាត់ទូកឈើដឹកទំនិញចំនួន ១គ្រឿង ពេលកំពុងដឹកទំនិញចេញ ពីប្រទេសថៃ តាមផ្លូវទឹក (តាមសមុទ្រ) ចូលមកប្រទេសកម្ពុជា ដោយមានសង្ស័យទើបនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣៖០០នាទី កម្លាំងឆែកឆេរត្រួតពិនិត្យរាល់ឥវ៉ាន់ដែលមាននៅលើទូក។
តាមរបាយការណ៍ដដែលបានបញ្ជាក់ថា ដោយបានពិនិត្យឃើញជាក់ស្តែងរួមមាន៖
ទី១៖ សង្ស័យជាកញ្ឆាក្រៀម ចំនួន១២៤កញ្ចប់ (ធំ១២២កញ្ចប់, តូច២កញ្ចប់) ស្មើនឹង៦១.២០គីឡូក្រាម
ទី២៖ ម្ស៉ៅក្រាមពណ៌ស ចំនួន៤១០កញ្ចប់ធំ ស្មើនឹង៤១០គីឡូក្រាម
ទី៣៖ ម្ស៉ៅក្រាមពណ៌លឿង ចំនួន៤៤៩កញ្ចប់ (កញ្ចប់ធំ ៤២កញ្ចប់តូច ៤០៧) ស្មើនឹង៦០.៣០គីឡូក្រាម
ទី៤៖ ម្ស៉ៅក្រាមពណ៌ឈូក ចំនួន២២កញ្ចប់ធំ ស្មើនឹង២២គីឡូក្រាម
ទី៥៖ ម្ស៉ៅក្រាមពណ៌បៃតងស្រាល ចំនួន៦កញ្ចប់ធំ ស្មើនឹង៦គីឡូក្រាម
ទី៦៖ ម្ស៉ៅក្រាមពណ៌ត្រាវ ចំនួន២កញ្ចប់ធំ ស្មើនឹង២គីឡូក្រាម
ទី៧៖ ម្ស៉ៅក្រាមពណ៌ប្រផេះ ចំនួន១០កញ្ចប់ធំ ស្មើនឹង១០គីឡូក្រាម
ទី៩៖ ទំនិញចាប់ហួយមួយចំនួន។

ក្រោយពីកម្លាំងជំនាញ យកសំណាកទៅធ្វើតេស្តពិសោធន៍ រួចពិនិត្យឃើញថា មានកញ្ឆាក្រៀម ចំនួន១២៤កញ្ចប់ (ធំ ១២២កញ្ចប់ និងតូច ០២កញ្ចប់) ស្មើនឹង ៦១.២០គីឡូក្រាម ពិតជាកញ្ឆាពិតប្រាកដមែន ។ ដោយឡែកម្សៅក្រាមចំនួន ៨៩៩កញ្ចប់ (ធំ ៤៩២កញ្ចប់ និងតូច ៥០៧កញ្ចប់) ស្មើនឹង ៥១០.៣០គីឡូក្រាម ពុំមានសារធាតុញៀនទេ គឺជាម្ស៉ៅសម្រាប់ធ្វើភេសជ្ជៈ។
បច្ចុប្បន្នវត្ថុតាងរក្សាទុក នៅការិយាល័យគយ និងរដ្ឋាករប៉ាក់ខ្លង ខេត្តកោះកុង ជាបណ្តោះអាសន្ន ចំណែកជនសង្ស័យកម្លាំង ជំនាញកំពុងស្រាវជ្រាវ ស្វែងរកឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី ៕
