ទូតរុស្សី បង្ហាញពីបំណងរបស់រុស្សី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនកិច្ចសិក្សា ពាក់ព័ន្ធនឹងសកម្មភាពមីន

ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាទ្វេភាគីនៅទីស្នាក់ការអាជ្ញាធរមីន ជាមួយ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងរបស់ប្រទេសរុស្ស៊ីក្នុងពង្រឹងទំនាក់ទំនងទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងសកម្មភាពមីន។

លោក Anatoly Borovik បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសមិទ្ធផលសម្រេចពាក់ព័ន្ធនឹងកិច្ចការសកម្មភាពមីន ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ទី ឆ្ពោះទៅរកកម្ពុជា គ្មានផលប៉ះពាល់ដោយសារមីន និងសំណលា់ជាតិផ្ទុះពីសង្រ្គាម និងកម្ពុជាគ្មានមីនឆ្នាំ២០៣០។ ទន្ទឹមនឹងនោះ លោក អគ្គរដ្ឋទូត បានស្នើសុំឱ្យអាជ្ញាធរមីនផ្តល់នូវកិច្ចសហការ និងស្វាគមន៍ចំពោះដំណើរទសន្សកិច្ច របស់គណៈប្រតិភូ និងមន្រ្តីជំនាញរុស្ស៊ី ដែលនឹងអញ្ជើញ មកប្រទេសកម្ពុជានាឆ្នាំក្រោយ សម្រាប់សិក្សាស្វែងយល់ និងដកបទពិសោធន៍អំពីកិច្ចប្រតិបត្តិការ សកម្មភាពមីននៅកម្ពុជា ។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាប្រវត្តិសាស្រ្តរវាងកម្ពុជា-រុស្សីអស់រយៈពេល ៦៩ឆ្នាំ ព្រមទាំងបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់រដ្ឋាភិបាលនៃសហព័ន្ធរុស្សី ដែលបានជួយដល់កម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះជួយកសាងធនធានមនុស្សនៅកម្ពុជា ផងដែរ។
លោក ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសមិទ្ធផលសម្រេចបាន និងផែនការបន្តសម្រាប់វិស័យសកម្មភាពមីនកម្ពុជា ដែលក្នុងនោះ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចង់ឃើញណាស់ប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសេចក្ដីសុខ សុខដុម និងសុវត្ថិភាពដូចគ្នានិងគ្រប់ទីកន្លែង រួចផុតពីគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ។

ជាមួយគ្នានោះ ជាការឆ្លើយតប តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ច សិក្សាស្វែងយល់ វិស័យសកម្មភាពមីននៅកម្ពុជា នាឆ្នាំក្រោយ របស់គណៈប្រតិភូ និងមន្រ្តីជំនាញមកពីប្រទេសរុស្ស៊ី ៕
