ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេស មិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង លើ ១២មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៨៧០កន្លែង លើ ១២មុខជំនាញ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោម កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សា បានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង១២ នោះ រួមមាន សេវាកម្មកុំព្យូទ័រ, ការងារកំបោរ, សេវាកម្មសម្អាងកាយ, ការកែច្នៃបន្លែ និងផ្លែឈើ, ការដំឡើងបណ្តាញបំពង់ទឹក, ការថែទាំ និងជួសជុលរថយន្ត, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការថែទាំ និងជួសជុលបរិក្ខារអេឡិចត្រូនិក, ការថែទាំ និងជួសជុលទោចក្រយានយន្ត, និងការផ្សារលោហៈដោយធ្នូអគ្គិសនី (ធូប)។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ២៦១ ២៤២/ ០១៦ ៦៣៣ ៣៦៧/ ០៩៨ ៧៧៧ ៨០៧/ ០៩៦ ២៩៩ ៧៥៧៤ ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅភូមិពូធឿង សង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ)៕

To Top