រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជា កំពុងសាទរ ចំពោះជើង ហោះហើរត្រង់លើកដំបូង ជាប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ជាមោទនភាពជាតិខ្មែរ! ដែលកម្ពុជា កំពុងសាទរ ចំពោះជើងហោះហើរត្រង់លើកដំបូង ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន អាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកទីក្រុងភ្នំពេញ ។

នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំប្រតិភូ ក្រសួងទេសចរណ៍ និងវិស័យឯកជន រួមជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល អញ្ជើញទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ដល់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways ដែលបានសម្រេចបើកជើងហោះហើរត្រង់ ជាលើកដំបូង មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់ព្រះរាជាណាចក្រកម្ពុជា ចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នេះសបញ្ជាក់ឱ្យឃើញ ពីការចាប់ផ្តើមប្រតិបត្តិការហោះហើរ ភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងភ្ជាប់ពិភពលោកមកកាន់កម្ពុជា ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ហួត ហាតក់ បានគូសបញ្ជាក់ថា ការតភ្ជាប់ជើងហោះ កម្រិតពិភពលោកនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ នូវកំណើនភ្ញៀវទេសចរមកកាន់កម្ពុជា ជាពិសេសពិជាឆ្លើយតបទៅនឹងការជឿនលឿន យ៉ាងឆាប់រហ័ស ក្នុងវិស័យអាកាសចរណ៍របស់កម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្នុងន័យនេះបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Etihad Airways (Cambodia) ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways បានតភ្ជាប់ជើងហោះហើរត្រង់ជាលើកដំបូង ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ ដោយទទួលបានអ្នកដំណើរសរុបចំនួន ១៥៤នាក់ និងអ្នកដំណើរដែលអញ្ជើញត្រឡប់ទៅវិញចំនួន ៩០នាក់ ដែលចំណាយពេលជាង ៧ម៉ោងមិនឈប់ ហើយជើងហោះហើរនេះមាន ៤ជើង ក្នុងមួយសប្តាហ៍៕
ដោយ៖ ដារាត់| ដើមអម្ពិល










