ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ស្នើឲ្យម្ចាស់ផលិតកម្មទាំងឡាយ មេត្តាយកចិត្តទុកដាក់ពង្រឹងគុណភាព អនាម័យ តម្លៃសមរម្យ កុំឆ្លៀតឱកាសតម្លើងថ្លៃតាមទំនើងចិត្ត

ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើឲ្យម្ចាស់ផលិតកម្មទាំងឡាយ មេត្តាយកចិត្តទុកដាក់លើចំណុចសំខាន់ៗចំនួន៣ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៤ តុលានេះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសង្កត់ធ្ងន់ថា បើបានជាប្រជាជនគាំទ្រយ៉ាងពេញទំហឹង នូវផលិតផលក្នុងស្រុកហើយ គឺជាឱកាសល្អបំផុតដែលធ្វើឲ្យខ្មែរ ម្ចាស់ការដោយខ្លួនឯងបណ្តើរៗបាន ដោយមិនពឹងពាក់ទៅលើការនាំចូលពីខាងក្រៅ ហើយក៏អាចបង្កើតការងារធ្វើកាន់តែច្រើនឡើងៗសម្រាប់យុវជន។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី គូសបញ្ជាក់បែបនេះថា «ខ្ញុំសូមឲ្យម្ចាស់ផលិតកម្មទាំងឡាយ មេត្តាយកចិត្តទុកដាក់ដូចខាងក្រោម៖ ១/ ពង្រឹងគុណភាព, ២/ ត្រូវមានអនាម័យសុវត្ថិភាពដាច់ខាត សម្រាប់សុខភាពប្រជាជន, ៣/ តម្លៃសមរម្យ កុំឆ្លៀតឱកាសតម្លើងថ្លៃតាមទំនើងចិត្ត» ៕

To Top