លោក ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី៣ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ក្រុមការងារ គណបក្សចុះមូលដ្ឋាន សាមគ្គីមានជ័យ និង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំឆមាសទី៣ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

កិច្ចប្រជុំត្រូវបានរៀបចំ ដាច់ដោយឡែកពីគ្នា នៅក្នុងនៅទីស្នាក់គណបក្ស ប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ក្រុមការងារចុះមូលដ្ឋានឃុំ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សឃុំទាំង១៨ នៃស្រុកទាំងពីរ សរុបចំនួន ៧៥២នាក់។

ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំ លោកប្រធានគណបក្សប្រជាជនកម្ពុជា នៃស្រុកទាំងពីរ បានធ្វើរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត ដោយបង្ហាញអំពីសកម្មភាព នៃការអនុវត្តកម្មវិធីនយោបាយ គោលការណ៍ និងគោលនយោបាយរបស់គណបក្ស ការបង្ហាញអំពីចំណុចខ្លាំង បញ្ហាប្រឈម និងការដាក់ទិសដៅការងារ សម្រាប់អនុវត្តបន្ដ ។
បន្ទាប់ពីស្ដាប់របាយការណ៍ការងាររួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកទាំងកម្លាំង និងធនធាននិងខិតខំបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ និងសកម្ម ដើម្បីអភិវឌ្ឍនៅមូលដ្ឋានឃុំ ស្រុក ឱ្យបានរីកចម្រើន ។

លោក បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានៅតែរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សាមគ្គីភាពរឹងមាំ និងបន្ដធ្វើឱ្យមាន កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងការកសាងនូវសមិទ្ធផលថ្មីៗ ជាច្រើនបន្ថែមទៀត លើគ្រប់វិស័យដែលជាប្រវត្តិសាស្ត្រថ្មី មិនធ្លាប់មាននៅកម្ពុជា។
ជាមួយគ្នានោះដែរ លោក ឆាយ ឫទ្ធិសែន បានអំពាវនាវដល់សមាជិកគណបក្សទាំងអស់ បន្តគាំទ្រគណបក្ស និងលើកកម្ពស់គុណតម្លៃសន្តិភាព ដែលបានមកដោយការ យកជីវិតធ្វើជាដើមទុន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្ស ជាច្រើនរូបទៀត ព្រមទាំងត្រូវថែរក្សា “សន្តិភាព”ឱ្យបានគង់វង្សជាដាច់ខាត ទោះបីបង់ក្នុងតម្លៃណាក៏ដោយ ។

ជាកិច្ចបញ្ចប់ លោក ឆាយ ឫទ្ធិសែន បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ជូនដល់ សមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់គណបក្សឱ្យបានរឹងមាំ ដោយផ្អែក លើបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈបក្សនិងបទបញ្ជាផ្ទៃក្នុង ពិសេសគោរព តាមគោលការណ៍មតិភាគតិច គោរពមតិភាគច្រើន និង សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្ស និងរបស់រាជរដ្ឋាភិបាល ឱ្យទូលំទូលាយ និងគ្រប់ពេលវេលា ដើម្បីរក្សានូវប្រជាប្រិយភាព របស់គណបក្ស និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគណបក្ស ។
បន្ទាប់ពីកិច្ចប្រជុំនៅទីស្ដីការ គណបក្សស្រុកទឹកផុស លោកឆាយ ឫទ្ធិសែន បានអញ្ជើញពិនិត្យ ទីតាំងសាងសង់ ពង្រីកសាលប្រជុំអគារ ទីស្នាក់ការគណបក្សស្រុកទឹកផុស ដើម្បីបម្រើជូនដល់ការបំពេញការងារ របស់សមាជិក សមាជិកាគណបក្សស្រុក ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់ ៕
