ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ ជនជាតិថៃមួយចំនួនធ្វើទង្វើអសីលធម៌លើ សម្ដេចតេជោ ហ៊ុន សែន មិនស័ក្តិសមជាប្រជាជនស៊ីវិល័យ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានចាត់ទុកជនជាតិថៃមួយចំនួនធ្វើទង្វើអសីលធម៌មកលើ សម្ដេចតេជោ ហ៊ុន សែន មិនស័ក្តិសមជាប្រជាជនស៊ីវិល័យ នោះទេ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ទាប់ពី ប្រជាជនថៃមួយចំនួន បានយករូបភាពរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើជាផ្ទាំងស៊ីប ដើម្បីបាញ់កាំភ្លើង ដោយមានការប្រមាថយ៉ាងខ្លាំង មកលើ សម្ដេចតេជោ ហ៊ុន សែន។

តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា កម្ពុជា តែងប្រកាន់ជំហររកដំណោះស្រាយដើម្បីស្វែងរកសន្តិភាព ដើម្បីប្រទេសទាំងពីរ និងប្រជាជនទាំងសងខាង។

លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ប៉ុន្តែ នេះ ជាទង្វើដ៏អសីលធម៌ គ្មានគុណធម៌ មិនស័ក្តិសមជាប្រជាជនស៊ីវិល័យនោះទេ។ ទោះ ក្នុងនាមជាកូន ឬជាខ្មែរមួយរូប ទង្វើខ្វះសីលធម៌បែបនេះ គឺជាទង្វើមិនអាចទទួលយកបាននោះទេ»។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ប្រជាជាតិទាំងសងខាង គួរបង្កើនសកម្មភាពកសាងទំនុកចិត្តគ្នា ជាមួយសុឆន្ទៈពិតប្រាកដ ដើម្បីឈានទៅស្វែងរកដំណោះស្រាយសន្តិភាព និងប្រក្រតីភាពឡើងវិញ ដោយត្រូវទប់ស្កាត់ឱ្យបាននូវទង្វើអសីលធម៌បែបនេះ មិនឱ្យកើតឡើងទៀត។

សូមរំលឹកថា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក ថា «សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ»៕

To Top