ព័ត៌មានជាតិ

ប្រទេសន័រវេស្ស ផ្តល់ថវិកាចំនួន ១.២លានដុល្លារ សម្រាប់គាំទ្រវិស័យសកម្មភាពមីនរយៈពេល ៣ឆ្នាំ នៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងជំនួបជាមួយ លោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតន័រវេស្ស ប្រចាំកម្ពុជា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណដល់ប្រទេសន័រវេស្ស បន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា និងផ្តល់ថវិកាចំនួន ១.២ លានដុល្លារអាមេរិក សម្រាប់រយៈពេល ០៣ឆ្នាំ ២០២៥-២០២៧។

លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសន័រវេស្ស និងចាត់ទុកប្រទេសន័រវេស្ស មិនត្រឹមជាអ្នកផ្តល់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូពិតរបស់កម្ពុជាអស់រយៈពេលជាង ៣ទសវត្សរ៍ ហើយបាននិងកំពុងឈរជាមួយកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រួមមានទាំងការបោសសម្អាតមីន ការគ្រប់គ្រងទិន្នន័យ ការកសាងសមត្ថភាព និងការសិក្សាស្រាវជ្រាវ ជាដើម និងជួយគាំទ្រកម្ពុជាធ្វើជាប្រធាននិងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីននៅកម្ពុជា ដោយផ្ទៃដីរាប់ម៉ឺនហិកតាត្រូវរំដោះចេញពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយមានការរួមចំណែកគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករបោសសម្អាតមីន និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងនោះប្រទេសន័រវេស្ស គឺជាដៃគូលេចធ្លោមួយយ៉ាងសំខាន់។

លោកស្រី Astrid Emilie Helle បានថ្លែងអំណរគុណចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ក៏ដូចជាភាពជោគជ័យក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

លោកស្រី ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ប្រទេសន័រវេស្ស នឹងបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅរបស់ខ្លួន គឺគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ជាមួយគ្នានោះ លោកស្រី Astrid Emilie Helle បានសម្តែងនូវការសោកស្តាយចំពោះផលលំបាកដែលកើតមានឡើងក្នុងការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ កន្លងទៅនេះ បណ្តាលឱ្យមានមនុស្សស្លាប់ របួស និងមានជនភៀសសឹករាប់ម៉ឺនគ្រួសារត្រូវចាកចេញពីលំនៅដ្ឋាន ព្រមទាំងជូនពរឱ្យតំបន់ព្រំដែនកម្ពុជា-ថៃ ទទួលបានសន្តិភាព៕

To Top