ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ ក្នុងនាមជាមន្ត្រី របស់គណបក្ស ប្រជាជនកម្ពុជា ការងារចំពោះមុខ គឺការមើលថែជីវភាព របស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា មើលថែជីវភាពប្រជាពលរដ្ឋ ដែលរស់ក្នុងមូលដ្ឋានរបស់ខ្លួន ដោយមើលទាំងលើការហូបចុក និងការសិក្សារៀនសូត្រ សម្រាប់កូនចៅរបស់ពួកគាត់ ពោលគឺបើខ្វះខាតពិតមែន ត្រូវតែជួយសម្រួល ។

ការណែនាំ របស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់អូរឬស្សីទី១និងអូរឬស្សីទី ២ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងការងាររដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៧ តុលា ឆ្នាំ២០២៥នេះ នៅសាលាប៊ែលធីគ្រុប ។

ក្នុងឱកាសនេះលោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមជាមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា ការងារចំពោះមុខ គឺការមើលថែជីវភាព របស់ប្រជាពលរដ្ឋ ក៏ដូចកូនចៅ សមាជិកក្រុមប្រឹក្សា កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ កងកម្លាំង ប្រជាការពារសង្កាត់ ដោយមើលទាំងការហូបចុកនិង ការសិក្សារៀនសូត្រ សំរាប់កូនចៅពួកគាត់ ពោលគឺ បើខ្វះការហូបចុកត្រូវផ្តល់ស្បៀង ជូនពួកគាត់ ហើយបើកូនចៅគាត់ មិនមានប្រាក់គ្រប់គ្រាន់ ក្នុងការសិក្សារៀនសូត្រ នៅមហាវិទ្យាល័យ គួរត្រូវបានផ្តល់អាហាររូបករណ៍ជូនពួកគាត់ ។ បើចង់អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចំរើន គឺត្រូវការធនធានមនុស្សជាដាច់ខាត់ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការបណ្តុះបណ្តាធនធានមនុស្សនេះ ។

ឆ្លៀតក្នុងឱកាសនេះ លោក ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរ ចំពោះ សមាជិក សមាជិកាបក្សនិងប្រជាពលរដ្ឋ បើទោះបីបានចាកចេញពីមូលដ្ឋានរបស់ខ្លួន រស់នៅក្តី ប៉ុន្តែនៅពេលបោះឆ្នោត ពួកគាត់តែងបានវិលត្រឡប់មកវិញ ហើយបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនៈរហូតមក។ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលថ្នាក់ដឹកនាំបក្ស នោះគឺ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និង បន្តមកសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី មានសុខ រួមសុខ មានទុក្ខរួមទុក្ខជា មួយប្រជាពលរដ្ឋ ដោយមិនរត់ចោល ប្រជាពលរដ្ឋឡើយ ។ ជាក់ស្តែងនៅពេលជួបបញ្ហាជាមួយថៃ កន្លងមថ្នាក់ដឹកនាំ របស់យើងប្តេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់មួយមីលីម៉ែត្រឡើយ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top