ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើស អនឡាញជាង ១ម៉ឺននាក់

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រយៈពេលជាង ២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញ នូវជនបរទេសពាក់ព័ន្ធ បទល្មើសអនឡាញជាង ១៥០០០នាក់ រួចទៅហើយ ។

នាឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងរំលឹកថា កាលពីអាណត្តិទី៦ កម្ពុជា ក៏បានបណ្ដេញចេញ នូវបរទេសពាក់ព័ន្ធ បទល្មើសអនឡាញ ជាង ២១០០០នាក់ ក្នុងមួយអាណត្តិ។

ប្រមុខក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ព្រមទាំង សម្ដេចក្រឡាហោម ស ខេង យើងបានបណ្ដេញចេញជនបរទេស ដែលពាក់ព័ន្ធអនឡាញ ប្រមាណជាង ២១០០០នាក់ ក្នុងមួយអាណត្តិ ។ ដោយឡែក ក្នុងនីតិកាលទី៧ នេះ គិតត្រឹមជាង ២ឆ្នាំ នៃដើមអាណត្តិទី៧នេះ យើងបានបណ្ដេញចេញប្រមាណជាង ១៥០០០នាក់រួចទៅហើយ»។

ប្រមុខក្រសួងមហាផ្ទៃ បន្ដថា ការបណ្ដេញជនបរទេសទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទៅលើកិច្ចការងារបទល្មើសអនឡាញ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បន្ដទៀតថា កិច្ចការងារ បង្ក្រាបបទល្មើសអនឡាញ មិនមែនតែកម្ពុជា ម្នាក់ឯងទទួលខុសត្រូវនោះទេ ដូច្នេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានស្នើដល់បណ្ដាប្រទេសនានា ស្វែងយល់ពីគ្នាទៅវិញ ទៅមក ដើម្បីរួមបង្ក្រាប បទល្មើសអនឡាញ ។

បើតាម ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ការវិវត្តន៍នៃការឆបោកបទល្មើសអនឡាញមានភាពជឿនលឿន បើធៀបនឹង ៥ឆ្នាំមុន គឺមានលក្ខណៈខុសគ្នា ។ ការឆបោកបទល្មើសអនឡាញ សម្រាប់ប្រទេសកម្ពុជា មិនមែនជាទីផ្សារ សម្រាប់ក្រុមឧក្រិដ្ឋជននោះទេ គឺពិភពលោក ដូច្នេះ ត្រូវមានការចូលរួមទប់ ស្កាត់ពីគ្រប់ភាគីពាក់ព័ន្ធ៕

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា មានប្រសាសន៍បន្ថែមថា «ពេលមុខនេះ មានលក្ខណៈទីប្រជុំជន (ឆបោកអនឡាញ) មានន័យថា មួយកន្លែងៗច្រើននាក់។ ប៉ុន្ដែមកដល់នេះ គាត់បែងចែកជាដុំតូចៗ»៕

To Top