ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងផ្ដល់អំណោយដល់គ្រួសារកងទ័ព ១៨៥គ្រួសារ នៅស្រុកតំបែរ

ត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារ វីរកងទ័ពចំនួន ១៨៥គ្រួសារ ដែលមានស្វាមី ឪពុក ឬកូន កំពុងបម្រើការងារការពារ បូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្នុងបរិវេណទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ២១៣ នៅក្នុងស្រុកតំបែរ ដោយមានការចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការ-មេបញ្ជាការរង កងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត ប្រធាន-អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក-ឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូប ទៀតផងដែរ។

ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានលើកឡើងពីការគិតគូរខ្ពស់ របស់រដ្ឋបាលខេត្ត ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់គ្រួសារកងទ័ព ដែលជាកម្លាំងគាំទ្រដ៏សំខាន់នៅពីក្រោយជួរមុខ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថា ពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញ ភារកិច្ចដ៏ថ្លៃថ្លាក្នុងការការពារជាតិ។

ជាមួយគ្នានេះដែរ លោក អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរស្រុក និងឃុំ ឱ្យបន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ ក្រុមគ្រួសារកងទ័ពទាំងអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខ ឱ្យមានកម្លាំងចិត្ត និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួន នៅជួរក្រោយ ទទួលបានការមើលថែដិតដល់។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងក្រុមការងារ ក៏បាន នាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ មួយចំនួន ឧបត្ថម្ភជូន ដល់ក្រុមគ្រួសារ កងទ័ព ចំនួន ១៨៥គ្រួសារ ដើម្បីរួមចំណែកសម្រាល នូវការលំបាក និងជាការបង្ហាញនូវការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈដ៏មោះមុត ក្នុងការបំពេញបេសកកម្មការពា របូរណភាពទឹកដីកម្ពុជា និងអធិបតេយ្យជាតិ។

ជាចុងក្រោយលោកក៏បាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់វីរកងទ័ពកម្ពុជា ចំពោះការលះបង់ដ៏ធំធេង របស់ពួកគាត់ និងសូមជូនពរវីរកងទ័ពទាំងអស់ ឱ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចក្នុងការ ការពារបូណ៌ភាពទឹកដី៕
ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top