ក្រសួងបរិស្ថាន ប្រកាសចែកធុងសំរាម ដល់ ៦ខេត្តគោលដៅ ដើម្បីលើកទឹកចិត្ត និងជំរុញភាពស្អាតនៅកម្ពុជា
 
																						
											
											
											ភ្នំពេញ ៖ កម្ពុជាស្អាត គឺជាមោទនភាពរបស់យើងទាំងអស់គ្នា ហើយដើម្បីជាការលើកទឹកចិត្ត ដល់អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សិស្សានុសិស្ស លោកអ្នកគ្រូ អ្នកគ្រូ ក្រសួងបរិស្ថាន បានប្រកាសចែក ធុងសំរាម ដល់ខេត្តគោលដៅចំនួន ៦ ដែលរួមមានខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ។

ពិធីប្រកាសចែក ធុងសំរាម ដល់ខេត្តគោលដៅចំនួន ៦នេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានគោលបំណងលើកកម្ពស់ ភាពស្អាត ពេញដោយបរិស្ថានល្អនៅតាមមូលដ្ឋាន នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកការ បែងចែកធុងសំរាមនេះជា ការលើកទឹកចិត្ត ដល់រដ្ឋបាលក្រុង និងស្រុក ដើម្បីជំរុញ ភាពស្អាត នៅក្នុងមូលដ្ឋាន របស់ខ្លួន ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវ នៅទូទាំងប្រទេស។ ហើយការអនុវត្តនេះទៀតសោត គឺស្របតាម យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើមុំគន្លឹះចំនួនបីគឺ “ភាពស្អាត” “ភាពបៃតង” និង “ចីរភាព” ។

ក្រសួងបរិស្ថាន បានប្តេជ្ញាចិត្តថា នឹងបន្តបែងចែកធុងសំរាមនេះឱ្យបានដល់ គ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយអព្យាក្រឹត្យកាបូននៅឆ្នាំ ២០៥០ ៕




 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									