ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំង សត្វគោ ក្របី ដើម្បីការពារសុខភាព សត្វជៀស​ផុតពីជម្ងឺឆ្លងផ្សេងៗ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ ញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំង សត្វគោ ក្របី នៅក្នុងភូមិក៏កោះ ឃុំសណ្ដែក ស្រុកបាធាយ ដើម្បីការពារសុខភាព សត្វជៀសផុតពីជម្ងឺឆ្លងផ្សេងៗ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីការពារជំងឺឆ្លងផ្សេងៗដល់ សត្វគោ ក្របី នេះ សម្រាប់ខេត្តកំពង់ចាម គឺបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយសារតែខេត្តកំពង់ចាមយើង សំបូរប្រជាពលរដ្ឋ ប្រកបមុខរបរកសិកម្ម ។ បើទោះជាសម័យកើតជំងឺកូវីដ១៩ ថ្វីត្បិតតែគ្មានការប្រមូលផ្ដុំ ក៏មន្ត្រីជំនាញបានបន្តធ្វើកិច្ចការនេះ នៅតាមមូលដ្ឋាន ដោយចាក់វ៉ាក់សាំងសត្វ គោ ក្របី នៅតាមផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដើម្បីការពារសុខភាពសត្វជូនប្រជាកសិករយើង ។

លោកអភិបាលខេត្ត ក៏បានយកឱកាសនោះ ជម្រុញដល់ប្រជាកសិករដែលបានអញ្ជើញចូលរួមក្នុងយុទ្ធនាការនេះ សូមជួយផ្សព្វផ្សាយបន្ត ដល់បងប្អូនកសិករយើងដែលមានចិញ្ចឹម សត្វ គោ ក្របី សូមយកមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដែលមានមន្ត្រីពេទ្យសត្វ និងមន្ត្រីពាក់ព័ន្ធ នៅចាំទទួលស្វាគមន៍ ចាក់វ៉ាក់សាំងឲ្យសត្វគោ ក្របី របស់ប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ ។

បើតាម លោក ស៊ីម ថាវរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបានឲ្យដឹងថា សម្រាប់ឃុំសណ្ដែក ស្រុកបាធាយ មានគោចំនួន ១,៨៨៩ក្បាល និងក្របី ១,២៤៣ ក្បាល ហើយសត្វដែលនឹងត្រូវចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកនាពេលនេះ មានចំនួន ២ភូមិគឺ ភូមិកកោះ និងភូមិស្វាយព្រៃ ដែលមានគោចំនួន ៦១៣ ក្បាល និងក្របីចំនួន ៩៩១ក្បាល។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top