ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ គោលដៅ​ របស់ក្រសួង គឺធ្វើឱ្យសេវាសុខាភិបាល ល្អប្រសើរ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា គោលដៅរបស់ក្រសួង គឺធ្វើឱ្យសេវាសុខាភិបាល បានល្អប្រសើរ ។ ដូច្នេះអ្នកបម្រើសេវាគ្រប់គ្នា(សាធារណៈនិងឯកជន) ត្រូវចូលគិតគូរ ពីសុវត្ថិភាពរបស់អ្នកជំងឺ ដែលភាគច្រើន នៃបញ្ហាកើតឡើង សុទ្ធតែអាចជៀសវាងបាន ។

ក្នុងឱកាសធ្វើបាឋកថាក្នុងវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានការចូលរួមពីមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣ ៣៤៧ នាក់កាលពីថ្ងៃទី៧ តុលា សាស្ត្រាចារ្យ ឈាង រ៉ាបានរំលឹកពីការលះបង់ របស់មន្រ្តីសុខាភិបាល នៅមូលដ្ឋាន ជាពិសេសបុគ្គលិកសុខាភិបាល ជាស្រ្តីខ្មែរ ដែលបានលះបង់កំលាំងកាយចិត្ត ដើម្បីប្រជាជន មាតុភូមិ និងសុខភាព ហើយវីរភាពនេះ គឺជាមោទនភាពរបស់សហភាតរៈសុខាភិបាលគ្រប់រូប ។ សាស្រ្តាចារ្យ បានរំលេចពីការតាំងចិត្ត របស់ក្រសួងសុខាភិបាល ក្នុងការធ្វើឱ្យសុវត្ថិភាពអ្នកជំងឺ មានភាពប្រសើរឡើង ព្រោះថាសុវត្ថិភាពអ្នកជំងឺ គឺជាសុវត្ថិភាពរបស់អ្នកបម្រើសេវា។

ជាកិច្ចបន្ត សាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទ នៃភាពជាអ្នកដឹកនាំ ដែលមានភាពសកម្ម ចំនួនពីរចំណុចមកធ្វើការបកស្រាយរួមមាន ៖ អ្នកដឹកនាំដែលស្ថិតក្នុងភាព សកម្ម ត្រូវមានសមត្ថភាពធ្វើការ/ផ្តោតការយកចិត្តទុកដាក់នៅគ្រប់ស្ថានភាព ហើយអាចផ្សារភ្ចាប់ការងារ ទាំងអស់ឱ្យមានភាពប្រទាក់ក្រឡា ក្នុងដំណើរឆ្ពោះទៅសម្រេចបានគោលដៅ ។ ក្នុងនោះអ្នកដឹកនាំត្រូវមានសមត្ថភាពសម្របសម្រួល ដើម្បីជំនះស្ថានភាពលំបាកៗ ដើម្បីស្វែងរកដំណោះស្រាយតាមរយៈការពិចារណា និងមានការរំពឹងទុកជាមុនជានិច្ច។ បន្ថែមពីលើនេះសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានចែករំលែកលើប្រធានបទវិចារវិជ្ជាសម្ភារៈនិយម ដោយលើកយកទម្រង់ផ្សេងៗរបស់ការយល់ដឹង ដោយវិចារណញ្ញាណ ដូចជា ៖ ទស្សនទាន , ការវិនិច្ឆ័យ និងវិចារណកិច្ចមកធ្វើការពន្យល់។

ជាមួយគ្នានេះ ក្រុមការងារនៃមន្ទីរពេទ្យតេជោសន្តិភាព បានលើកយកប្រធានបទនៃទាក់ទាញអ្នកជំងឺឱ្យមកប្រើប្រាស់សេវាឱ្យបានកាន់តែច្រើន៕

To Top