ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋាន​ ស្ថាបនាស្ពានបេតុង១កន្លែង ប្រវែង៦០ម៉ែត្រ នៅភូមិស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ស្វាយរៀង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នាព្រឹថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនា ស្ពានបេតុង ១កន្លែង ប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ ឆ្លងកាត់ព្រែកតាស្អាង ស្ថិតនៅភូមិស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននិងសមិទ្ធផលនានា នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ជាពិសេសការផ្លាស់ប្តូរ កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើង ដោយមានផ្លូវខ្វាត់ខ្វែង មានទឹកស្អាតប្រើប្រាស់ និងអនាម័យកាន់តែល្អប្រសើរ ជាពិសេសមានរបៀប របបរស់នៅប្រកបដោយភាពស៊ីវិល័យ។

ថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនា លោករដ្ឋមន្រ្ដី ក៏បានជម្រាប ជូនអង្គពិធីអំពី ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនគឺ “កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាព ប្រកប ដោយបរិយាបន្ន និងចីរភាព” តាមរយៈកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង។ ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធជនបទ នៅទូទាំងប្រទេសមានផ្លូវជនបទ សរុបប្រវែងជាង ៥ម៉ឺនគ.ម និងមានស្ពានប្រមាណជាង ៤ពាន់កន្លែង។ ក្នុងនោះចំពោះខេត្តស្វាយរៀង គិតមកដល់ពេលនេះ មានផ្លូវជនបទចំនួន៧៧ខ្សែ សរុបប្រវែង២ ៧៧២គ.ម ដោយក្នុងនោះ ផ្លូវក្រាលបេតុងនិងផ្លូវក្រាលកៅស៊ូប្រវែង ៤០៦គ.ម ផ្លូវល្បាយក្រួសប្រវែង ២ ៣៦៥គ.ម និងសំណង់ស្ពានចំនួន ៧៧កន្លែង ព្រមទាំងសំណង់សិល្បការ្យជនបទជាច្រើនផ្សេងទៀត ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ដោយឡែក ស្ពានបេតុងប្រវែង ៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលកំពុងបើកការដ្ឋានសាងសង់នាឱកាសនេះ នឹងផ្តល់ផលប្រយោជន៍ ដោយផ្ទាល់ដល់ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំកំពង់ចំឡង នៃស្រុកស្វាយជ្រុំ សរុបចំនួន ២ ២៩៣គ្រួសារ ស្មើនឹង ៩ ២៦៦នាក់ ក្នុងនោះស្រី ៤ ៩០៣នាក់ ។ ស្ពាននេះនឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ច រួមមានវិស័យកសិកម្ម កសិឧស្សាហកម្ម និងសេវាកម្មសាធារណៈផងដែរ តាមរយៈការបង្កភាពងាយស្រួល ក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ កាត់បន្ថយពេលវេលា ការចំណាយ បង្កើនប្រាក់ចំណូលគ្រួសារ និងមុខរបរប្រជាពលរដ្ឋក្នុងតំបន់ បង្កភាពងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ការធ្វើដំណើរទៅកាន់មណ្ឌលសុខភាព ជាដើម។ ជារួមអត្ថប្រយោជន៍នៃសមិទ្ធផលនេះ គឺបង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ រវាងតំបន់ និងតំបន់ និងអាចធានាបាននូវការប្រើប្រាស់ ឆ្លងកាត់បានគ្រប់រដូវកាល ។

លោករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផល ដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺ ដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

To Top