ព័ត៌មានជាតិ

កម្ពុជា សង្ឃឹមថា នឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗ ដើម្បីដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់តាំងពីខែ កញ្ញាឆ្នាំ ២០២៥ កន្លងទៅនេះ ដោយមូលហេតុរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ ហើយកម្ពុជា សង្ឃឹមថា នឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗ ដើម្បីដោះស្រាយបញ្ហាព្រំដែន រវាង កម្ពុជា-ថៃ។

តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កំណត់ហេតុព្រមព្រៀង កិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទី នៃក្រសួងការពារជាតិថៃ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាទាក់ទង នឹងការគ្រប់គ្រងព្រំដែន ជាពិសេសពាក់ព័ន្ធនឹង ឧបទ្វវហេតុ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាព ដាក់បញ្ហានេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចំរុះព្រំដែន (JBC) ហើយភាគីទាំងពីរ បានប្រគល់ភារកិច្ចដល់ គណៈកម្មការធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC)។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់តាំងពីខែ កញ្ញាឆ្នាំ ២០២៥ កន្លងទៅនេះ ដោយមូលហេតុរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ។ កម្ពុជា សង្ឃឹមថានឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗ ខាងមុខដើម្បីដោះស្រាយបញ្ហានេះ»

To Top