ព័ត៌មានជាតិ

កូនក្មេង៤នាក់ ​បបួលគ្នាជិះកង់២គ្រឿង ​ពីខេត្ត​បាត់ដំបង ​ទៅ​ខេត្ត​ព្រះ​សីហនុ​ ត្រូវបាន​ប្រជា​ពលរដ្ឋ ​ក្នុង​ស្រុក​សង្កែ ​ហៅសួរនាំ​រួច​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ជូន​ត្រឡប់​ទៅ​ផ្ទះវិញ

បាត់ដំបង ៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូន សាធារណជន បានជ្រាបថាថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២៥ ឃើញការផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមពីករណីបា-ត់ក្មេងនៅចំណុចសង្កាត់ទួលតាឯក ក្រុងបាត់​ដំបង ខេត្តបាត់ដំបង មិនដឹងទៅទីណា ដែលការផ្សព្វផ្សាយរៀបរាប់ពីម្តាយរបស់ក្មេងនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ ពីមហាជនក្នុងបណ្តាញសង្គម។

ឃើញការផ្សព្វផ្សាយនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការ ដ្ឋាននគរបាល ខេត្តបាត់ដំបង បានដាក់បញ្ជាដល់អធិការដ្ឋាន នគរបាលក្រុង ស្រុក ធ្វើការស្រាវជ្រាវលើបញ្ហានេះ ជាបន្ទាន់ និងឱ្យអា​ណាព្យាបាល ជួបទំនាក់ទំនងបំភ្លឺបញ្ហានេះ ឱ្យបានច្បាស់លាស់និងជាក់ស្តែងជូនដល់សមត្ថ​កិច្ច ។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរ​បាលស្រុកសង្កែ បានឱ្យដឹងថា នៅវេលាទៀប​ភ្លឺថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ ប្រជា​ពលរដ្ឋនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ បានប្រទះឃើញក្មេងប្រុស ស្រីចំនួន ០៤នាក់ ជិះកង់០២គ្រឿងនៅលើដងផ្លូវ ឃើញដូច្នេះគាត់ក៏បានកាក់សួរក្មេងៗបានឆ្លើយថា ពួកគេបបួលគ្នាជិះ កង់ទៅខេត្តព្រះសីហនុដែលមិនមានឪពុក ម្តាយឬអាណាព្យាបាលណាដឹងទេ ឮដូច្នេះប្រជាពលរដ្ឋបានកាក់ដំ​ណើរ ពួកគេទាំង០៤នាក់ ហើយរាយការណ៍មកសមត្ថកិច្ចនគរបាល។

នៅពេលនេះអាណាព្យាបាលរបស់ក្មេងៗទាំងនេះ បានទទួលព័ត៌មាននេះ និងមកទទួល​យកពួកគេវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ ទោះជាបែបនេះក្តីសមត្ថកិច្ចផែនជំ​នាញ​ និងបន្តសាកសួរ​ ស្រាវជ្រាវបន្ថែមលេី​ ការលេីកឡេីងរបស់ពួកគេពីដំណេីរទៅកាន់ខេត្តព្រះសីហនុនេះ។

ករណីនេះក៏សូមធ្វើការក្រើន​រំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាពិនិត្យ តាមដាន នូវសកម្មភាពរបស់កូនៗ ជាប់ជាប្រចាំ ក្រែងមានបញ្ហាដូចករណីខាងលើ ករណីនេះជួបប្រជា​ពលរដ្ឋ ដែលលោក មានការសង្កេត ពិនិត្យ ឬសង័្សយទើបកាក់ដំណើរ របស់ពួកគេទុកនិងផ្តល់ព័ត៌មានមកសមត្ថកិច្ច ចុះបើប៉ះចំជនទុច្ចរិតណាមួយនោះតើជោគវាសនា ពួកគេទាំង​០៤​នាក់នឹងទៅដល់ទីណា?

ដូចបានជម្រាបជូនខាងលើ សូមសាធារបណជន ជ្រាបជាព័ត៌មាននិងសូមបន្តចូលរួមសហ​ការជាមួយសមត្ថកិច្ចដោយ ភាតរបំផុត ៕

​អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​
ប្រភព​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​
រូបភាព​ នគរបាលស្រុកសង្កែ

To Top