សម្ដេចតេជោ ស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរ កំចាត់ចោលមន្ត្រី និងឈ្មួញ នៅបន្តលួចនាំទំនិញថៃចូល ក្នុងពេលព្រំដែននៅបិទ
 
																						
											
											
											ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំចាត់ចោលមន្ត្រី និងឈ្មួញ ដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងមើលងាយថា «អត់ទំនិញគេមិនបាន» ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេច បានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀល តាំងពីខ្ញុំបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។
សម្ដេចតេជោ បន្ដថា វាជារឿងល្អ ដែលប្រជាជនកម្ពុជា ប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយ សម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ ។ សម្ដេច ក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួន ដែលធ្វើការ និងរកស៊ីនៅថៃ មិនអាចដកប្រាក់ពីធនាគារ នៅថៃបានទេ។
សម្ដេចតេជោ បន្ថែមថា នេះបានបង្ហាញថា ប្រាក់បាតថៃ កំពុងសម្លាប់ប្រជាជនខ្មែរ ដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរ លើទឹកដីកម្ពុជា ចំពោះតែប្រជាជនខ្មែរណា ដែលបន្តចាយ និងទុកប្រាក់បាតថៃ។
សម្ដេចតេជោ គូសបញ្ជាក់ថា «ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវ គឺសូមបងប្អូនដែលរកស៉ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់ តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញ ហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់»។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា «ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។ ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា «ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួច នាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន ។ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន ខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)» ៕
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									