១សប្ដាហ៍ ដើមខែតុលានេះ មានក្មេងទំនើង និងជនងប់ល្បែងជាង ៧០នាក់ ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេ ៖ ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជាតិ បានបង្ក្រាបក្មេងទំនើងចំនួន១៥ករណី ឃាត់ខ្លួនមនុស្ស៧១នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៤ករណី ឃាត់ខ្លួនជន ងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន៥នាក់ ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
តាមអ្នកនាំពាក្យ ក្នុងចំណោមករណីក្មេងទំនើង និងល្បែងស៊ីសង ដែលសមត្ថកិច្ចបង្ក្រាបបាននោះ សម្រាប់ក្មេងទំនើង ត្រូវបានអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកអ្នកប្រព្រឹត្តល្បែងទាំង៥នាក់នោះ មាន៣នាក់បញ្ជូនទៅតុលាការ និង២នាក់ទៀត បានទទួលការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
បើតាមលោក ទូច សុឃៈ ករណីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ដែលបង្ក្រាបបានក្នុងសប្តាហ៍កន្លងមកនេះ មានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត កែប ស្វាយរៀង ពោធិ៍សាត់ ខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។ លទ្ធផលនេះបញ្ជាក់ច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរ និងកម្លាំងនគរបាលមានសមត្ថកិច្ច នៅតែបន្តបង្ក្រាប ដោយគ្មានដកដៃឡើយ។
សូមបញ្ជាក់ថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំជាប្រចាំ ឱ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ រួមទាំងរដ្ឋបាល ថ្នាក់ក្រោមជាតិ តាមបង្ក្រាបឱ្យបាន ក្រុមក្មេងទំនើង និងជនងប់ល្បែង ដើម្បីបញ្ជូនខ្លួនឱ្យតុលាការផ្តន្ទាទោស និងនាំទៅឃុំនៅពន្ធនាគារ៕
