អត្ថបទទស្សនៈវិភាគ៖ តើថៃពិតជាចង់ឱ្យ ពិភពលោក កត់ត្រាថាជាប្រទេស រំលោភសិទ្ធិមនុស្ស និងជារដ្ឋភេរវកម្មមែនទេ?

ភ្នំពេញ៖ ការដាក់បន្លាលួសព័ទ្ធយកដី និងគំរាមបណ្តេញប្រជាពលរដ្ឋខ្មែរ ចេញពីភូមិដ្ឋាននៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ សកម្មភាពដ៏គឃ្លើននេះ បាននិងកំពុងស្ថិតក្រោមក្រសែរភ្នែក តាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ។
នៅពេលដែលអ្នកភូមិចេញតវ៉ា ដើម្បីការពារផ្ទះសម្បែង និងដីធ្លីដែលពួកគេធ្លាប់អាស្រ័យផល ជាច្រើនទសវត្សរ៍មកហើយនោះ អាជ្ញាធរថៃបែរជាខំកាឡៃ ដើម្បីបំភាន់ភ្នែកសហគមន៍អន្តរជាតិថា កម្ពុជាប្រើប្រាស់ កុមារ ស្ត្រី និងមនុស្សចាស់ធ្វើជាខែលទៅវិញ។ ប៉ុន្តែ គ្មានអ្នកណាឆោតល្ងង់ រហូតដល់ជឿពាក្យសម្តីរបស់ អាជ្ញាធរថៃនោះឡើយ ពីព្រោះរឿងរ៉ាវត្រូវបានបើកកកាយអស់ហើយ នៅចំពោះមុខ និងក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាក្រុមអង្កេតការណ៍បណ្តោះអាសន្ន (IOT) និងអង្គទូតនានា។
សំណួរសួរថា ប្រសិនបើថៃអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន ចុះហេតុអ្វីបានជាថៃទើបមកធ្វើសកម្មភាព ដាក់បន្លាលួស នៅពេលអនុវត្តបទឈប់បាញ់? សកម្មភាពនេះពិតជាបានបង្ហា ញពីអំពើរំលោភបំពានធំៗ ២ ៖ ទី(១) គឺជាការបំពានយ៉ាងកម្រោល និងជាចំហនូវបទឈប់បាញ់ ពីសំណាក់ភាគីថៃ ពីព្រោះក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់តម្រូវឱ្យ ភាគីទាំងសងខាងរក្សាស្ថានភាពដដែល និងទី(២) គឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងសាហាវ ដែលគ្មានអ្នកណាអាចទទួលយកបានឡើយ។ ដូច្នេះ បើថៃពិតជាហ៊ានបណ្តេញ ប្រជាពលរដ្ឋខ្មែរចេញទាំងបង្ខំមែន ប្រទេសនេះនឹងទទួលរងនូវការថ្កោលទោសជាអន្តរជាតិ យ៉ាងខ្លាំងក្លាជាក់ជាមិនខាន។


ក្រៅពីនេះ នៅសល់សំណុំរឿងចាប់ខ្លួនទាហានខ្មែរ ១៨នាក់ដោយខុសច្បាប់យកទៅឃុំ ដោយមិនព្រមដោះលែង ក៏ជាសកម្មភាពបំពានច្បាប់អន្តរជាតិ យ៉ាងធ្ងន់ធ្ងរមួយទៀតផងដែរ។ នេះនៅមិនទាន់រាប់ការប្រើយន្តហោះទម្លាក់គ្រាប់បែកចង្កោម ការបាញ់ផ្សែងពុល ការបំផ្លាញប្រាសាទ និងទីសក្ការៈ មកលើកងទ័ពនិងប្រជាជនស្លូតត្រង់ខ្មែរផងនោះទេ។ សកម្មភាពទាំងអស់នេះបង្ហាញថា ថៃគឺជារដ្ឋបំពានសិទ្ធិមនុស្ស បំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងឃោរឃៅបំផុត។
ឥឡូវនេះ គេរង់ចាំមើលថា តើប្រទេសនេះពិតជានៅតែគឃ្លើន បង្ហាញសកម្មភាពបំពានមកលើប្រជាពលរដ្ឋ ខ្មែរតាមរយៈការបណ្តេញអ្នកភូមិព្រៃចាន់ និងជោគជ័យចេញពីផ្ទះសម្បែងដោយបង្ខំនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ទៅតាមគម្រោងរបស់ពួកគេឬយ៉ាងណា? ប្រសិនបើរឿងនេះពិតជាកើតមានមែន ហើយប្រសិនបើថៃហ៊ានប្រើច្បាប់របស់ខ្លួន មកលើប្រជាពលរដ្ឋខ្មែរនៅក្នុងទឹកដីខ្មែរពិតប្រាកដមែន នោះសហគមន៍អន្តរជាតិច្បាស់ជាមិនអាចចៀសផុត ពីការដាក់បញ្ចូលប្រទេសនេះ ទៅក្នុងបញ្ជីនៃរដ្ឋភេរវកម្មនោះឡើយ៕
ដោយឡេង សំរិទ្ធ សាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម


