ព័ត៌មានជាតិ

បងប្អូនពលករខ្មែរ ត្រឡប់មកពីថៃ សូមចូលរួមពិព័រណ៍ការងារ នៅខេត្តបន្ទាយមានជ័យ នាចុងសប្ដាហ៍នេះ ដើម្បីទទួលបានឱកាសការងារធ្វើ

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ នៅខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែង ជូនបងប្អូនពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងត្រូវរៀបចំនៅ ៣កន្លែងផ្សេងគ្នា ក្នុងខេត្តបន្ទាយមានជ័យ រួមមាន៖ នៅថ្ងៃទី ១០ ខែតុលា រៀបចំនៅសាលាឃុំឈ្នួរមានជ័យ ក្នុងស្រុកព្រះនេត្រព្រះ, នៅថ្ងៃទី ១១ ខែតុលា រៀបចំនៅសាលាឃុំផ្គាំ ក្នុងស្រុកស្វាយចេក និងនៅថ្ងៃទី ១២ ខែតុលា រៀបចំនៅសាលាឃុំសារង្គ ក្នុងស្រុកស្វាយចេក។

លោកបន្ថែមថា នៅក្នុងពិព័រណ៍នេះ បងប្អូនពលករ នឹងអាចទទួលបានឱកាសការងារភ្លាមៗ ហើយក៏នឹងមានឱកាសនៅក្នុងការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរហូតដល់ ៤៥ជំនាញ នៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ ហើយក៏នឹងទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស. នៅពេលបងប្អូនចូលធ្វើការងារ ដែលរួមមាន៖ អត្ថប្រយោជន៍ហានិភ័យការងារ, ថែទាំសុខភាព និងប្រាក់សោធន ។

សម្រាប់ពិព័រណ៍នៅខេត្តបន្ទាយមានជ័យនេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់បងប្អូនពលករខ្មែរត្រឡប់មកពីថៃ ដែលមិនទាន់ទទួលបានការងារធ្វើ សូមទៅចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានឱកាសការងារធ្វើក្នុងស្រុក ដែលមានអត្ថប្រយោជន៍ជាច្រើន។

គួរឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងអំពីការរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន ៥ រួមមាន៖ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តព្រៃវែង និងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ២៦ ខែតុលា ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ក៏ដូចជាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ប.ស.ស. និងការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ៕

To Top