ទណ្ឌិត ១២០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារ ខេត្តស្វាយរៀង ទៅកាន់មណ្ឌលអប់រំកែប្រែទី៣ ដើម្បីរំដោះភាពចង្អៀតណែន

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានទណ្ឌិតចំនួន ១២០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង ទៅកាន់មណ្ឌលអប់រំកែប្រែទី៣ ដើម្បីរំដោះភាពចង្អៀតណែន ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ការផ្ទេរទណ្ឌិតនេះ ធ្វើឡើង ដោយបានការអនុញ្ញាតជាគោលការណ៍ពី ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។

អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាន នគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ ខេត្តស្វាយរៀង ព្រៃវែង និងខេត្តត្បូងឃ្មុំ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ១២០នាក់ ពីពន្ធនាគារខេត្តស្វាយរៀង ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន។

ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋាន សន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព នៅថ្ងៃទី៨ ខែតុលាឆ្នាំ២០២៥ នៅពន្ធនាគារខេត្តស្វាយរៀង និងមណ្ឌលអប់រំកែប្រែទី៣៕
