លោក កែវ រ៉េមី ៖ OHCHR នឹងចាត់វិធានការ លើសកម្មភាពថៃ បំពានលំនៅឋាន ពលរដ្ឋខ្មែរ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា លោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) នឹងចាត់វិធានការ ជាក់ស្តែង ទៅលើសកម្មភាពរបស់ភាគីថៃ ដែលបានគំរាមកំហែង និងបំពានសិទ្ធិលំនៅឋាន របស់ប្រជាពលរដ្ឋខ្មែរ នៅតាមបន្ទាត់ ព្រំដែនកម្ពុជា-ថៃ ។
ការបង្ហាញក្តីសង្ឃឹមនេះ បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានដាក់ញ្ញត្តិជាថ្មីម្តងទៀត ទៅអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ឲ្យបន្តតាមដានលើការគំរាមកំហែង ដែលបន្តកើតមានលើសិទ្ធិ ទទួលបានលំនៅឋានសមរម្យ របស់ប្រជាពលរដ្ឋកម្ពុជា តាមព្រំដែនកម្ពុជា-ថៃ ពីសំណាក់ភាគីថៃ ។
ក្រោយបង្ហាញពីការផ្ញើលិខិត OHCHR រួចហើយ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ច្បាប់អាជ្ញាសឹក មិនអាចអនុវត្តលើប្រជាជន នៅលើទឹកដីប្រទេសដទៃបានទេ ។ ដូច្នេះលោកសង្ឃឹមថា អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ ដែលមានអាណត្តិក្នុងការលើកកម្ពស់ និងការពិនិត្យតាមដានសិទ្ធិលំនៅឋានសមរម្យ នឹងចាត់វិធានការជាក់ស្តែង និង ទាន់ពេលវេលា ដើម្បីដោះស្រាយនិងទប់ស្កាត់ការ រំលោភបំពានសិទ្ធិ ទទួលបានលំនៅឋានសមរម្យ ដែលត្រូវបានធ្វើទុក្ខបុកម្នេញពីយោធាថៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃប្រព័ន្ធសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ។
កាលពីពេលថ្មីៗនេះ អភិបាលខេត្តស្រះកែវ របស់ប្រទេសថៃ ដែលជាប់នឹងខេត្តបន្ទាយមានជ័យរបស់កម្ពុជា បានធ្វើលិខិតតវ៉ាមកកាន់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចំពោះពលរដ្ឋតាំងទីលំនៅ ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយតម្រូវឲ្យពួកគាត់រុះរើចេញ ប៉ុន្តែរដ្ឋបាលខេត្តបន្ទាយមានជ័យ ឆ្លើយតបវិញតាមរយៈលិខិតមួយច្បាប់នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ថា ទីតាំងខាងលើនេះប្រជាពលរដ្ឋកម្ពុជា បានរស់នៅកាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាននៃ MOU ឆ្នាំ ២០០០មកម្ល៉េះ៕
