រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដី ដើម្បីរំដោះការកកស្ទះ ចរាចរណ៍ ទៅមកអាកាសយានដ្ឋាន អន្តរជាតិតេជោ

ភ្នំពេញ៖ ដើម្បីដោះស្រាយ នូវការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាដោះស្រាយបញ្ហាចរាចរណ៍ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (អាកាសយានដ្ឋានថ្មី) មកភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងការសាងសង់ផ្លូវអាកាស និង ផ្លូវរថភ្លើងក្រោមដី ។

តាមការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហាបរាចរណ៍ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងកសាងនូវផ្លូវអាកាស ដើម្បីរំដោះចរាចរណ៍ ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ចូលមកភ្នំពេញ ក្នុងនោះដែរជាគម្រោង អាចស្ថាបនាផ្លូវអាកាស ចាប់ពីរង្វង់មូលគួស្រូវ ហោះលើផ្លូវលេខ២១៧ មកចុះមុខមហោស្របចេនឡាផ្សារដើមគរ។

ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញ ក៏មានគម្រោងសាងសង់ផងដែរ ដើម្បីរំដោះចរាចរណ៍ ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ចូលមករាជធានីភ្នំពេញ និងផ្លូវចូលក្រុងផងដែរ។ នេះបើតាមលោក ឃួង ស្រេង អះអាងបន្ថែម ។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានបញ្ជាក់ថា បើការកកស្ទះចរាចរណ៍ ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ កាន់តែខ្លាំង គម្រោងនៃស្ថាបនាផ្លូវអាកាស និងផ្លូវក្រោមដីអាចនឹងដំណើរការកាន់តែឆាប់។

ក្នុងកិច្ចប្រជុំនេះដែរ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ចំពោះគណៈអភិបាលរាជធានី និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងខែកញ្ញាកន្លងមក ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បានធ្វើការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរាបរយ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អ ។ ក្នុងនោះរដ្ឋបាលរាជធានី ក៏បានរៀបចំ ជូនដំណើរប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត តាមរយៈរថយន្តក្រុងសាធារណៈ បានល្អហើយប្រជាពលរដ្ឋសប្បាយរីករាយ ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទៅជូនដំណើរដោយផ្ទាល់ថែមទៀតផង ៕
ដោយ៖ ដារាត់| ដើមអម្ពិល

