អាជ្ញាធរស្រុកមោងឫស្សី អំពាវនាវប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះសត្វឆ្កែចចក

បាត់ដំបង៖ អាជ្ញាធរស្រុកមោងឫស្សី អំពាវនាវ ដល់សាធារណជន បងប្អូន ប្រជាពលរដ្ឋ ទាំងអស់សូម មេត្តាមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសក្មេងតូចៗ កុំឲ្យដើរលេងម្នាក់ឯង ក្រែងជួបប្រទះនឹងសត្វឆ្កែចចក ដែលអាច ខាំបង្កឲ្យគ្រោះថ្នាក់ដល់សុខភាព និង អាយុជីវិត ។

បើតាមអាជ្ញាធរស្រុកមោងឫស្សី បានឱ្យដឹងថា ដើមហេតុដែលបណ្តាលឲ្យមានសត្វឆ្កែចចក បែកហ្វូងរត់ចូលភូមិអ្នកស្រុកនោះ គឺដោយសារមាន ទឹកជំនន់ទឹកទន្លេ បានហក់ឡើងខ្លាំង លិចទីជម្រករបស់វា ទើបពួកសត្វឆ្កែចចកទាំងនោះ គ្មានទីជម្រក ក៏រត់ ចូលភូមិរបស់អ្នកស្រុក ។

ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ វាយឆ្កែចចកងាប់ ចំនួន ០៤ក្បាលហើយ គឺនៅភូមិរាមគន់ ឃុំគារចំនួន០១ក្បាល,ភូមិទួលតាថុន ឃុំជ្រៃ ចំនួន០១ក្បាល,ភូមិប្រឡាយ ស្តៅ ឃុំតាលាស់ ចំនួន០១ក្បាល និង ភូមិទួលព្រំ២ ឃុំកកោះ ចំនួន០១ក្បាល ។

រដ្ឋបាលស្រុកមោងឫស្សី បានអំពាវនាវ ដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ទាំងអស់សូម មេត្តាមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសក្មេងតូចៗ កុំឲ្យដើរលេងម្នាក់ឯង ក្រែងជួបប្រទះនឹងសត្វឆ្កែចចក ដែលអាច ខាំបង្កឲ្យគ្រោះថ្នាក់ដល់សុខភាពនិងអាយុជីវិត។ បើបងប្អូនបានឃើញ ឬ ជួបប្រទះនឹងសត្វឆ្កែចចក ដែលរត់ចូលក្នុងភូមិ សូមរាយការណ៍មករដ្ឋបាល ស្រុកមោងឫស្សី តាមរយៈ លេខទូរស័ព្ទ ០៩២ ៤៦៨ ៩៦៨,០៨៨ ៦២ ២៧ ៦៦៣ ដើម្បីឲ្យរដ្ឋបាលស្រុក ចាត់មន្ត្រីជំនាញចុះពិនិត្យនិងអន្តរាគមន៍ ។

ជាមួយគ្នានេះ ក្រុមការងារអភិរក្សសត្វព្រៃ រួមជាមួយរដ្ឋបាលស្រុកមោងឫស្សី បានចុះស្រាវជ្រាវ ករណីសត្វចចកចូលភូមិ ដោយសាទឹកលិចព្រៃរនាម វារត់រកទីទួលមានសុវត្ថិភាព ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ យើងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្រុមការងារយើង បានត្រៀមកាំភ្លើងបាញ់ឆក់ បើបងប្អូនបានឃើញសត្វចចកចូលភូមិសូមទាក់ទង មករដ្ឋបាលស្រុកជាបន្ទាន់ ដើម្បីជូយដល់បងប្អូន បានទាន់ពេលវេលា៕

